(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី ដែលលោកផ្ទាល់និយាយថាកិច្ចចរចានេះគួរតែក្លាយជាគោលដៅនាំមកនូវសន្តិភាពយូរអង្វែង និងលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។ ថ្លែងចេញពីវិមានក្រឹមឡាំងនៅព្រឹកថ្ងៃអាទិត្យនេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្នើឱ្យទីក្រុងកៀវចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ឡើងវិញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ យើងស្នើឱ្យអាជ្ញាធរទីក្រុងកៀវចាប់ផ្ដើមកិច្ចចរចាឡើងវិញនៅថ្ងៃព្រហស្បតិ៍ (សប្ដាហ៍ក្រោយ) ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល»។
ក៏ប៉ុន្តែ លោក ពូទីន មិនបាននិយាយពីបទឈប់បាញ់រយៈពេល៣០ថ្ងៃ ស្នើឡើងដោយសហរដ្ឋអាមេរិក និងដែលអ៊ុយក្រែនបានយល់ព្រមទទួលយកនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមជាមួយមេដឹកនាំអឺរ៉ុបមានដូចជា ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានស្នើឱ្យរុស្ស៉ីទទួលយកបទឈប់បាញ់ ៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយបទឈប់បាញ់នេះអាចនឹងចាប់ផ្ដើមនៅថ្ងៃចន្ទ ទី១២ ខែឧសភា ជាមួយការព្រមាន ដាក់ទណ្ឌកម្មថ្មី ប្រសិនបើទីក្រុងមូស្គូមិនព្រមអនុវត្តតាមទេនោះ៕