(ប៉េកាំង)៖ ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅទីក្រុងម៉ូស្គូ។

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុង១សតវត្សរ៍ និងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ប្រទេសចិន និងស៊ែប៊ីគួរតែរក្សាយុទ្ធសាស្ត្រដ៏រឹងមាំ ផ្តោតលើការធ្វើរឿងផ្ទាល់ខ្លួនឱ្យបានល្អ បន្តវេននិងផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពដែកថែប ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ី ប្រកបដោយគុណភាពខ្ពស់។

លោក Xi Jinping បានសង្កត់ធ្ងន់ថា កាលពី ៨០ ឆ្នាំមុន ប្រជាជនចិន និងប្រជាជនស៊ែប៊ីបានរួមចំណែកយ៉ាងសំខាន់ ចំពោះជ័យជម្នះនៅសមរភូមិអាស៊ី និងអឺរ៉ុបក្នុងសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោករៀងៗខ្លួន។ ប្រទេសចិន មានឆន្ទៈធ្វើការជាមួយប្រទេសនានា ជុំវិញពិភពលោក បូករួមទាំងប្រទេសស៊ែប៊ីផងដែរ ដើម្បីរួបរួម និងសហការ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម រួមគ្នាគាំពារសន្តិភាពពិភពលោក និងសច្ចយុត្តិធម៌អន្តរជាតិ គាំពារសមិទ្ធផល នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងជំរុញការកសាងសហគមន៍រួមវាសាសម្រាប់មនុស្សជាតិ។

ជាការឆ្លើយតប លោក Vucic បានថ្លែងថា ប្រទេសចិនគឺជាមិត្តដ៏ថ្លៃថ្នូរបំផុតរបស់ស៊ែប៊ី ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដល់ប្រទេសស៊ែប៊ី។ ប្រទេសស៊ែប៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះគោលការណ៍ចិនតែមួយ។ ស៊ែប៊ីសូមកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះពហុភាគីនិយម។ គំនិតនិងសកម្មភាពរបស់ចិនបានបង្កើនភាពក្លាហាន និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិក្នុងការគាំពារផលប្រយោជន៍រួម។ ប្រទេសស៊ែប៊ីមានឆន្ទៈក្នុងការរួបរួមជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលនាំមកដោយឯកតោភាគីនិយម និងលទ្ធិគាំពារនិយម៕

វិទ្យុមិត្តភាពកម្ពុជាចិន