(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រ ទី៩ ខែឧសភា ថា ការកំណត់ពន្ធគយ ៨០% លើទំនិញនាំចូលពីចិន «ហាក់ដូចជាសមល្មមហើយ» ខណៈដែលតំណាងប្រទេសទាំងពីរកំពុងត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងព្យាយាមទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម Truth Social លោក ត្រាំ បានទាមទារឲ្យចិនបើកទីផ្សាររបស់ខ្លួនទទួលផលិតផលអាមេរិក ដោយសរសេរថា «(ការធ្វើដូច្នេះ) នឹងល្អសម្រាប់ពួកគេ»។ លោកបានបន្ថែមថា «ពន្ធ ៨០% លើចិនហាក់ដូចជាសមល្មមហើយ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាអត្រានេះអាចត្រូវបានពិចារណាឡើងវិញ ឬផ្លាស់ប្ដូរ អាស្រ័យលើកិច្ចពិភាក្សាជាមួយចិន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងប្រធានអ្នកចរចាពាណិជ្ជកម្ម លោក Jamieson Greer គ្រោងនឹងជួបជាមួយប្រមុខសេដ្ឋកិច្ចចិន លោក He Lifeng នៅប្រទេសស្វីស សម្រាប់កិច្ចពិភាក្សាដែលមន្ត្រីរដ្ឋបាលលោក ត្រាំ បានពណ៌នាថាជាជំហានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងជាមួយចិន។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរហូតដល់ ១៤៥% បន្ថែមពីលើពន្ធដែលមានស្រាប់។ ជាការឆ្លើយតប ចិនបានដាក់កំហិតលើការនាំចេញធាតុកម្រមួយចំនួន និងបានដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥% ព្រមទាំងពន្ធបន្ថែមលើផលិតផលមួយចំនួនទៀត។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ បានបន្ថែមភាពមិនច្បាស់លាស់ដល់កិច្ចចរចាដែលរំពឹងទុក ខណៈដែលទីផ្សារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ៕