(បែរឡាំង)៖ អ្នកនាំពាក្យមួយរូបនៃរដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា នៅពេលសន្ទនាគ្នាតាមទូរស័ព្ទ លោកអធិការបតី Friedrich Merz និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឱ្យមានការដោះស្រាយជាបន្ទាន់ លើបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។

អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងទៀតថា លោក ត្រាំ បានអបអរសាទរលោក Merz សម្រាប់ការចូលកាន់តំណែងជាអធិការបតីថ្មី ចំណែកលោក Merz បាននិយាយថា ៨០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកនៅតែជាមិត្ត និងដៃគូមិនអាចខ្វះបានរបស់អាល្លឺម៉ង់។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានយល់ស្របគ្នាដែរថា មានភាពចាំបាច់ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមានគោលបំណងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Merz បានទម្លាក់សំឡេងរិះគន់ចំពោះរដ្ឋបាល លោក ត្រាំ ចាប់តាំងពីគណបក្សអភិរក្សនិយមរបស់លោក ឈ្នះការបោះឆ្នោតសហព័ន្ធ នៅក្នុងខែកុម្ភៈ។ តាមរបាយការណ៍របស់ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ កាលពីដើមសប្តាហ៍នេះ អាមេរិក គឺជាទីផ្សារធំបំផុតនៃពិភពលោក សម្រាប់ផលិតផលអាល្លឺម៉ង់ ដែលមានចំនួនប្រហែល ១០.៤ភាគរយនៃការនាំចេញសរុប ក្នុងឆ្នាំ ២០២៤៕