(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបតាមទូរស័ព្ទថា បទឈប់បាញ់រយៈពេល ៣០ថ្ងៃ គឺជាការឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៉ី ហើយទីក្រុងកៀវត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ថា «អ៊ុយក្រែន​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​បទ​ឈប់​បាញ់ ​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ប៉ុន្តែវាត្រូវតែក្លាយជាការពិត...៣០ថ្ងៃដែលអាចក្លាយជាការចាប់ផ្តើមពេលវេលានៃសន្តិភាព។ បទឈប់បាញ់មួយ ដែលមានពេលវេលាវែង និងអាចទុកចិត្តបាន នឹងក្លាយជាសូចនាករពិតប្រាកដ នៃចលនាឆ្ពោះទៅរកសន្តិភាព»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ទៅកាន់លោក ត្រាំ បានធ្វើឡើងអំឡុងពេលនៃបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដែលប្រកាសដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ស្របពេលប្រារព្ធខួបលើកទី ៨០នៃជ័យជម្នះសង្គ្រាមលោកលើកទី ២។ លោក ហ្សេលេនស្គី បានច្រានចោល ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀត ពីការបំពានបទឈប់បាញ់៕