(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នោថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភានេះ​ បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដោយបានសង្កត់ធ្ងន់អំពីតម្រូវការឲ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបន្ធូរបន្ថយជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីភាពតានតឹងផ្នែកយោធាបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដោយមានការអះអាងពីការបាញ់ទម្លាក់ដ្រូន និងការវាយប្រហារឆ្លងដែនទៅវិញទៅមក។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ដដែលនេះ សាក្សីរបស់ Reuters បានរាយការណ៍ថា សំឡេងផ្ទុះដ៏ខ្លាំងចំនួនពីរលើក និងសំឡេងស៊ីរ៉ែន ត្រូវបានឮនៅក្នុងទីក្រុង Jammu ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា ជាមួយនឹងដាច់ចរន្តអគ្គិសនីទូទាំងទីក្រុង ទោះបីជាមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

គួរបញ្ជាក់ថា ការហៅទូរស័ព្ទរបស់លោក Rubio គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូតអន្តរជាតិ ដែលកំពុងព្យាយាមបញ្ចៀសភាពតានតឹងបន្ថែមទៀត នៃជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។