(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី៧ ខែឧសភា ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋដើម្បីចូលរួមទិវាជ័យជម្នះ នៅឯទីលានក្រហម និងដើម្បី ជួបជាមួយលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ ទីក្រុងប៉េកាំងបានឱ្យដឹងថាលោក ស៊ី ជីនពីង នឹងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅជាមួយលោក ពូទីន ព្រមទាំងចូលរួមក្នុង ពិធីប្រារព្ធខួបលើកទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន ប៉ុន្មានសប្ដាហ៍មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងយោធា និងពាណិជ្ជកម្មរវាងប្រទេសទាំង២ត្រូវបានពង្រីកបន្ថែមបង្កជាក្ដីកង្វល់ដល់លោកខាងលិច។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ កើតមានឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងឡើងកម្ដៅជុំវិញបញ្ហាពន្ធគយ និងខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមផ្សះផ្សាជាមួយ លោក ពូទីន ក្នុងគោលដៅសម្របសម្រួលបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកស្រី Patricia M. Kim ជាអ្នកជំនាញខាងគោលនយោបាយការបរទេសមកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីគោលនយោបាយអាស៊ី (Center for Asia Policy Studies) នៃវិទ្យាស្ថាន Brookings យល់ថាវត្តមានរបស់លោក ស៊ី ជីនពីង ក្នុងទីក្រុងមូស្គូ បានបង្ហាញពីការប៉ះទង្គិចគ្នារវាងភាពជាដៃគូយុទ្ធសាស្ត្ររបស់ចិនជាមួយរុស្ស៉ី និងមហិច្ឆតាចង់ក្លាយជាមេដឹកនាំពិភពលោកមួយប្រកបដោយការទទួលខុសត្រូវរបស់ចិន។
ជាការពិតណាស់ សម្រាប់បណ្ដា Global South ពួកគេមើលឃើញថាភាពជាដៃគូរបស់ចិនជាមួយរុស្ស៉ី មិនមែនជាបញ្ហានោះទេ ឬក៏គ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ បើធៀបទៅនឹងផលប្រយោជន៍របស់ពួកគេជាមួយចិន។ ក៏ប៉ុន្តែ នៅអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដែលសង្ស័យលើចិនរួចទៅហើយនោះ ពួកគេនឹងកាន់តែសង្ស័យទៅលើចិនខ្លាំងឡើងដែលនេះ ហើយជាពិសេស វាអាចនឹងបង្កភាពស្មុគស្មាញដល់ចិនក្នុងការជួសជុលទំនាក់ទំនងឡើងវិញ ជាមួយអឺរ៉ុប។ ចុះបើដូច្នេះហេតុអ្វីលោក ស៊ី ជីនពីងនៅតែត្រូវទៅជួបលោក ពូទីន ដល់រុស្ស៉ី? ចម្លើយនៅទីនេះបើតាមលោកស្រី Patricia នោះគឺមានជាប់ ពាក់ព័ន្ធនឹងភាពចាំបាច់នៃ «យុទ្ធសាស្ត្រយូរអង្វែង» របស់ចិន។
ខណៈកំពុងប្រកួតប្រជែងដណ្ដើមឥទ្ធិពលកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ប៉េកាំងមើលឃើញថារុស្ស៉ីជាដៃគូដ៏សក្តិសមបំផុតដែលអាចជួយខ្លួនទប់ទល់ជាមួយសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីចិនបានច្រានចោលលទ្ធភាពនៃ «យុទ្ធសាស្ត្រ Nixon» ជាសេណារីយ៉ូមួយដែលសហរដ្ឋអាមេរិក និងមូស្គូផ្សះផ្សាគ្នា ហើយទុកឱ្យចិនឯកោ។ ម្យ៉ាង មានការយល់ឃើញកុងសង់ស៊ីសក្នុងទីក្រុងប៉េកាំងថាលោក ពូទីន ទំនងជានឹងមិនផ្ដល់ឱ្យលោក ដូណាល់ ត្រាំ នូវសន្តិភាពអ៊ុយក្រែនដែលប្រធានាធិបតីអាមេរិកចង់បាននោះទេ។ ពីព្រោះការមិនជឿទុកចិត្តគ្នារវាងមូស្គូ និងវ៉ាស៊ីនតោនមានវិសាលភាពធំធេងពេកដែលពិបាកនឹងចាប់ផ្ដើមសាជាថ្មី។ តាមពិតទៅ អ្វីដែលក្រុមមន្ត្រីចិនបារម្ភ នោះគឺមិនមែនលទ្ធភាពនៃការខិតជិតគ្នារវាងលោក ត្រាំ និងលោក ពូទីនឡើយ។ តែផ្ទុយទៅវិញអ្វីដែលពួកគេកំពុងបារម្ភខ្លាចគឺទំនាក់ទំនងកាន់តែល្អប្រសើរឡើងរវាងលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងរុស្ស៉ី និងកូរ៉េខាងជើង កាលពីឆ្នាំ២០២៤ បានធ្វើឱ្យការព្រួយបារម្ភនេះកាន់តែស៊ីជម្រៅថែមទៀត។ ក្រុមអ្នកវិភាគចិនមិនសប្បាយចិត្តទេចំពោះការពង្រីក និងទំនាក់ទំនងយោធាដែលគេពិបាកយល់របស់រុស្ស៉ីជាមួយទីក្រុងព្យុងយ៉ាង ព្រមទាំងលទ្ធភាពដែលទំនាក់ទំនងបែបនេះអាចបង្កឱ្យមានអស្ថិរភាពនៅក្បែរមាត់ទ្វារផ្ទះរបស់ចិន។ ពីព្រោះអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្រាកដជាមិននៅស្ងៀមនោះទេ។
ជាងនេះទៅទៀត រឿងដែលប៉េកាំងបារម្ភបំផុត នោះគឺខ្លាចថាលោក ពូទីនអាចនឹងព្យាយាមដើរតួនាទីសម្របសម្រួលរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់លោក ត្រាំចេញពីសំណុំរឿងអ៊ុយក្រែន។ សម្រាប់ចិន បើរឿងបែបនេះកើតឡើងមែន ប៉េកាំងអាចនឹងក្លាយជាតួអង្គបន្ទាប់បន្សំ ហើយចិនដឹងយ៉ាងច្បាស់ថាការបោះបង់ចោលតួនាទីស្នូលខាងការទូតលើសំណុំរឿងឧបទ្វីបកូរ៉េ គឺជាប្រៀបដូចជាការបោះបង់ ចោលឥទ្ធិពលរបស់ខ្លួនដូច្នោះដែរ។ តែទោះបែបនេះក្ដី លោក ស៊ី ជីនពីង ទំនងជានឹងមិនផ្ដល់សម្បទានថ្មីឱ្យលោក ពូទីនឡើយ។ សេដ្ឋកិច្ចរុស្ស៉ីសព្វថ្ងៃកំពុងបាត់បង់សន្ទុះ យោធាកំពុងធ្វើការលើសពីសមត្ថភាពខ្លួនឯង រីឯឥទ្ធិពលការទូតជាមួយលោកខាងលិចវិញក៏ចុះខ្សោយ។ ដូច្នេះចិននឹងបន្តរក្សាឧត្តមភាពនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយរុស្ស៉ី ហើយភាពមិនស្មើគ្នានេះក៏ទំនងជានឹងមិនរលាយបាត់ ក្នុងពេលឆាប់ៗនោះដែរ ទោះជាអារម្មណ៍មិនសប្បាយចិត្តចំពោះការពឹងផ្អែកខ្លាំងពេកលើចិនកំពុងកើនឡើងនៅក្នុងចំណោមអ្នកនយោបាយរុស្ស៉ីក៏ដោយ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ សម្រាប់ចិន រុស្ស៉ីជាសម្ព័ន្ធមិត្តដ៏សក្តិសមដែលអាចជួយចិនទប់ទល់ជាមួយលោកខាងលិចរបស់សហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា រុស្ស៉ីក៏ជាប្រភពហានិភ័យមួយផងដែរ។ រុស្ស៉ីមួយ ដែលទន់ខ្សោយពេក មិនអាចជួយចិនទប់ទល់នឹងសហរដ្ឋអាមេរិកបាននោះទេ ហើយរុស្ស៉ីដែលខ្លាំងពេកអាចនឹងក្លាយជាគូសត្រូវ ឬជាគូប្រជែងរបស់ចិននៅថ្ងៃណាមួយ។ កាលពីអតីតកាល ចិន និងអតីតសហភាពសូវៀតធ្លាប់ធ្វើជាគូសត្រូវដ៏ជូរចត់នឹងគ្នា និងថែមទាំងធ្លាប់ផ្ទុះអាវុធដាក់គ្នានៅតាមតំបន់ព្រំដែនទៀតផង។ ដូច្នេះ រុស្ស៉ីដែលចិនត្រូវការ គឺរុស្ស៉ីដែលខ្លាំងល្មមអាចជួយចិនប្រឆាំងសហរដ្ឋអាមេរិក និងលោកខាងលិច ហើយត្រូវខ្សោយជាងចិន។ តែនេះគឺជាកិច្ចការមួយដ៏ពិបាកសម្រាប់ចិន៕