(វ៉ាស៊ីនតោន)៖ មហាសេដ្ឋី Bill Gates បានសន្យានៅថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្ទើរតែទាំងអស់របស់លោកក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយថាទឹកប្រាក់ ២០០ពាន់លានដុល្លារនឹងទៅដល់ជនក្រីក្របំផុតលើពិភពលោកតាមរយៈមូលនិធិរបស់លោកនៅត្រឹមឆ្នាំ ២០៤៥។ ស្របពេលជាមួយគ្នា លោកក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើលោក Elon Musk និងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចោទថា កំពុង «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Gates បានចោទចំៗថា លោក Musk ដែលដឹកនាំកិច្ចការកាត់បន្ថយចំណាយរដ្ឋាភិបាលក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើឲ្យមានការកាត់ផ្ដាច់ថវិកាទីភ្នាក់ងារ USAID ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វ៉ាក់សាំងកុមារ និងជំនួយស្បៀង។ ទន្ទឹមគ្នានេះ លោក Gates បានបញ្ជាក់ពីការប្ដេជ្ញាចិត្តបរិច្ចាគទ្រព្យសម្បត្តិ និងបិទមូលនិធិរបស់លោកនៅឆ្នាំ ២០៤៥ ដោយលើកឡើងថា បញ្ហាបន្ទាន់ក្នុងពិភពលោក មានច្រើនជាងការដែលលោកត្រូវរក្សាទុកទ្រព្យសម្បត្តិ ហើយថាលោកនឹងមិនស្លាប់ក្នុងនាមជាអ្នកមាននោះទេ។

ការរិះគន់នេះ កើតឡើងខណៈដែលរដ្ឋាភិបាលជាច្រើន រួមមានអាមេរិក អង់គ្លេស និងបារាំង កំពុងកាត់បន្ថយជំនួយអន្តរជាតិ។ លោកបានចោទសួរថា តើប្រទេសអ្នកមានបំផុតនឹងបន្តជួយប្រជាជនក្រីក្របំផុតឬយ៉ាងណា ហើយបានសង្កត់ធ្ងន់ថា ទោះបីមូលនិធិរបស់លោកមានទឹកប្រាក់ច្រើនក៏ដោយ ក៏វឌ្ឍនភាពទ្រង់ទ្រាយធំ ដូចជាការលុបបំបាត់ជំងឺស្វិតដៃជើង មិនអាចកើតឡើងបានទេ បើគ្មានការគាំទ្រពីរដ្ឋាភិបាល។

គួរបញ្ជាក់ថា ការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗនេះ បង្ហាញពីភាព​មិន​ចុះ​សម្រុង​គ្នា​កាន់តែ​ខ្លាំង​រវាង​មហាសេដ្ឋី​បច្ចេកវិទ្យា​ដ៏​មាន​ឥទ្ធិពល​ទាំងពីររូប​នេះ ជុំវិញ​ទស្សនៈ​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល និង​ការ​ដោះស្រាយ​បញ្ហា​សកល៕