(ប៉េកាំង)៖ ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំនៃជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំ ពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាម បានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជននៃប្រទេសនានា ដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់។

ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិន បានដើរតួនាទីជាលក្ខណៈសម្រេច ក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្ត ដល់ប្រទេសសម្ព័ន្ធមិត្ត ប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុប និងប៉ាស៊ីហ្វិក។

លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញជាច្រើនដងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព មិនថាអភិវឌ្ឍដល់កម្រិតណានឹងមិនធ្វើអនុត្តារភាព មិនវាទី មិនស្វែងរកក្របខ័ណ្ឌនៃអំណាច និងមិនធ្វើការប្រកួតប្រជែងខាងសព្វាវុធនោះទេ។ ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនបានអនុវត្តយ៉ាងមុតមាំ នូវគោលនយោបាយការទូតសន្តិភាព ដែលម្ចាស់ការនិងឯករាជ្យ ចូលរួមយ៉ាងសកម្ម នូវប្រតិបត្តិការគាំពារសន្តិភាពរបស់អង្គការសហប្រជាជាតិ ពង្រឹងនិងអភិវឌ្ឍដោយឥតឈប់ឈរ នូវចំណងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេសនានា។

បច្ចុប្បន្ន អនុត្តរភាពនិយមននិងគាំពារនិយមបន្តងើបឡើង បញ្ហាប្រឈមនិងភាពមិនប្រាកដប្រជា ដែលពិភពលោកប្រឈម បានកើនឡើង។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រៀបធៀបពហុភាគីនិយមទៅជាភ្លើងគប់ ដែលអាចបំភ្លឺផ្លូវឈានទៅមុខ របស់មនុស្សជាតិដោយគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា ត្រូវតែផ្សព្វផ្សាយពហុភាគីនិយម ខ្លឹមសារគន្លឹះរបស់វាគឺ កិច្ចការអន្តរជាតិត្រូវតែពិភាក្សាដោយអ្នកទាំងអស់គ្នា មិនអាចសម្រេចដោយប្រទេសមួយឬប្រទេសមួយចំនួនតិចនោះទេ។

ការសម្រេចសន្តិភាពជានិរន្តរ៍នៃពិភពលោកជាបំណងប្រាថ្នារបស់មនុស្សជាតិ។ លោកប្រធានរដ្ឋចិន Xi Jinping បានពិពណ៌នាការអភិវឌ្ឍន៍ជាចីរភាពថាជា ”កូនសោមាស”សម្រាប់ដោះស្រាយបញ្ហាសកលនាពេលបច្ចុប្បន្ន ហើយលោកបានស្នើគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីកសាងស្ពាននៃកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ប្រទេសនានា។

បច្ចុប្បន្ន ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង ១៦០ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចំនួនជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ហើយបានចាត់ទុក ការគាំទ្រដល់ការអភិវឌ្ឍនៃប្រទេសសកលខាងត្បូង ជាទិសដៅអាទិភាព ដោយបង្កើតមូលនិធិអភិវឌ្ឍសកល និងកិច្ចសហប្រតិបត្តិការសកលខាងត្បូង ដើម្បីជួយដល់ការធ្វើទំនើបកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍។

គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់ជាផលិតផលសាធារណៈសកលដ៏សំខាន់ សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែយុត្តិធម៌និងសច្ចធម៌។

លោក Xi Jinping បានមានប្រសាស្រន៍ថា “រាល់ពេលដែលកម្លាំងរបស់ប្រទេសចិនកើនឡើង ក្តីសង្ឃឹមសម្រាប់សន្តិភាពពិភពលោក ក៏កើនឡើងមួយកម្រិតទៀត”៕

វិទ្យុមិត្តភាពកម្ពុជាចិន