(ប៉េកាំង)៖ "ការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពសន្ទុះខ្លាំងក្លា" "សេដ្ឋកិច្ចចិនកំពុងត្រូវបានជំរុញដោយការប្រើប្រាស់" ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាប្រើពាក្យ "មានភាពសន្ទុះខ្លាំង" ដើម្បីពិពណ៌នាអំពីវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាដែលទើបបានកន្លងផុតទៅ ។ ក្នុងអំឡុងវិស្សមកាលនេះ ការធ្វើដំណើរទៅដើរលេងកម្សាន្ត ទទួលការពេញនិយម ការប្រើប្រាស់បានកើនឡើងខ្លាំង និងមានការដកបទពិសោធន៍បែបថ្មី គឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់។
ទិន្នន័យបានបញ្ជាក់ពីភាពសន្ទុះខ្លាំងក្លានៃការប្រើប្រាស់មួយនេះថា ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរដែលបានធ្វើដំណើរក្នុងស្រុកចិនមានចំនួន ៣ រយ ១៤ លាននាក់ ដែលបានកើនឡើង ៦,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរ ក្នុងស្រុកចិនមានចំនួន ១៨០,២៦៩ ប៊ីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨,០ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ហើយទំហំលក់ដូរនៃសហគ្រាសលក់រាយ និងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិន បានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពីការប្រើប្រាស់បែបថ្មី ដូចជាការបើកបរយន្តហោះ និងលេងលោតឆ័ត្រយោង ដល់មុខរបរថ្មីៗ ដូចជាទេសចរណ៍បែបចិនថ្មីជាដើមរហូតដល់ទិដ្ឋភាពថ្មី ដូចជា "មហោស្រពតន្ត្រីក្នុងរូងភ្នំ" ជាដើម ទីផ្សារប្រើប្រាស់របស់ប្រទេសចិនកំពុងលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ។
ក្រោមជំនួយពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា គុណភាពនៃផលិតផលទេសចរណ៍វប្បធម៌ក្នុងវិស្សមកាល នៅតំបន់នានាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ បានបំពេញតម្រូវការខាងទេសចរណ៍ ដែលកាន់តែមានភាពសម្បូរបែប របស់អ្នកផងទាំងពួង ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ចំនួនអ្នកកក់សំបុត្រយន្តហោះជាលើកដំបូង បានកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ និស្សិតនិងអ្នកទេសចរ ដែលមានអាយុលើសពី ៦០ ឆ្នាំមានការកើនឡើងខ្ពស់បំផុត ។ ប្រការនេះបានបង្ហាញថា បំណងចាយលុយរបស់ក្រុមពាក់ព័ន្ធ មានភាពកាន់តែខ្លាំងក្លា ។ សក្តានុពលពហុស្រទាប់នៃទីផ្សារតម្រូវការក្នុងស្រុករបស់ចិន កំពុងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។
ការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ ក៏មិនអាចឃ្លាតពីការគាំទ្រខាងគោលនយោបាយរបស់រដ្ឋាភិបាលដែរ ។ ពីសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើកាលពីឆ្នាំមុន ដល់របាយការណ៍ការងាររដ្ឋាភិបាលនៅឆ្នាំនេះ សុទ្ធតែតម្កល់ទុកការពង្រីកតម្រូវការក្នុងស្រុក ក្នុងឋានៈចម្បងនៃភារកិច្ចសំខាន់ៗ ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ អត្រារួមចំណែករបស់អ្នកប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចចិន បានឡើងដល់ ៥១,៧ ភាគរយដែលកើនឡើង ៧,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ស្របពេលដែលសេដ្ឋកិច្ចចិនធ្វើបរិវត្តកម្ម ទៅរកកំណើនដែលជំរុញដោយការប្រើប្រាស់ សក្តានុពលនៃទីផ្សារទ្រង់ទ្រាយធំ នឹងត្រូវបានបញ្ចេញជាបន្តបន្ទាប់។
ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់របស់ប្រទេសចិន ក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរចិន បានចេញទៅដើរលេង នៅទីក្រុងចំនួន ១៨៣៧ នៅទូទាំងពិភពលោកដែលច្រើនជាង ៤០០ ក្រុងបើប្រៀបធៀបនឹងឆ្នាំមុន ។ ព្រមពេលជាមួយគ្នានេះ ក្រោមការជំរុញ នៃគោលនយោបាយមួយចំនួន ដូចជាលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិន និងកែលម្អគោលនយោបាយបង្វិលពន្ធសងវិញ នៅពេលចេញពីដែនចិន មិត្តភក្តិអន្តរជាតិកាន់តែច្រើនកំពុង "មកដើរលេងកម្សាន្តនៅប្រទេសចិន"។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធ បានបង្ហាញឱ្យឃើញថា ការបញ្ជាទិញសម្រាប់ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភាបានកើនឡើង ១៧៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
បើប្រៀបធៀបនឹងប្រទេសមួយចំនួនដែលបានបង្កើតរបាំង ដើម្បីផ្តាច់ទំនាក់ទំនង ផ្ទុយទៅវិញ ប្រទេសចិនកំពុងបើក "ទ្វារ" នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ ពោលគឺ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ពិភពលោកទាំងមូលបានមើលឃើញកាន់តែច្បស់ពីចំណុចនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន