(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាទ្វេភាគី នៅវិមានក្រឹមឡាំង បន្ទាប់ពីលោក ស៉ី បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងដើម្បីចូលរួមពិធីរំលឹកខួបជ័យជម្នះសង្រ្គាមលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងកិច្ចចាប់ផ្តើមនៃជំនួបកំពូលខាងលើ លោក ពូទីន បានអរគុណលោក ស៉ី ដែលបានអញ្ជើញចូលរួមពិធីរំលឹកខួបទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២ ហើយលោកប្រធានាធិបតីរុស្ស៉ី ក៏បានបង្ហាញឆន្ទៈផងដែរ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីរំលឹកខួបជ័យជម្នះរបស់ចិន លើចក្រពត្តិជប៉ុន។ រីឯលោកប្រធានាធិបតីចិនវិញ បានសាទរនូវភាពជឿទុកចិត្តគ្នាកាន់តែស៉ីជម្រៅ រវាងមហាអំណាចទាំងពីរ ហើយលោកអះអាងថា ចិននឹងឈរនៅជាមួយរុស្ស៉ីជានិច្ច ដើម្បីប្រឆាំងទង្វើសម្លុតគំរាមពង្រីកអនុត្តរភាព។
គួរបញ្ជាក់ថា លោក ស៉ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ កាលពីយប់ថ្ងៃពុធ។ បន្ទាប់ពីបើកកិច្ចពិភាក្សាជាមួយលោក ពូទីន នាថ្ងៃព្រហស្បតិ៍នេះ រូបលោកនឹងត្រូវគេរំពឹងថា នឹងចូលរួមជាមួយលោកប្រធានាធិបតីរុស្ស៉ី ក្នុងចំណោមបណ្តាមេដឹកនាំមកពីប្រទេសមួយចំនួនទៀត ក្នុងពិធីព្យុហយាត្រាយោធាអបអរទិវាខាងលើ នៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ នាថ្ងៃសុក្រស្អែក។ លោក ពូទីន បានប្រកាសបទឈប់បាញ់៣ថ្ងៃ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន ប៉ុន្មានសប្ដាហ៍មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕