(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីបក្សកាន់អំណាចនៅកូរ៉េខាងត្បូង លោក Kim Moon-soo នាថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា បានចោទប្រកាន់គណបក្សរបស់លោកថា កំពុងព្យាយាមបណ្តេញរូបលោកចេញវិញ ដោយសារតែបក្សចង់បានបេក្ខជនផ្សេង ខណៈភាពចម្រូងចម្រាសផ្ទៃក្នុងនេះ កើតមានឡើងក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Kim បាននិយាយថា លោកជឿថា ថ្នាក់ដឹកនាំគណបក្ស People Power Party (PPP) កំពុងព្យាយាមកម្ចាត់លោកចេញ ដើម្បីចង់បានបេក្ខជនម្នាក់ផ្សេងទៀត គឺអតីតនាយករដ្ឋមន្រ្តី លោក Han Duck-soo បើទោះបី​ជាលោកត្រូវបានជ្រើសរើសជា បេក្ខជនតំណាងឱ្យបក្ស រួចរាល់ហើយក៏ដោយ។

គណបក្ស PPP បានជ្រើសរើសលោក Kim ជាបេក្ខជនតំណាងរបស់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន តាម​រយៈការបោះឆ្នោតក្នុងចំណោមសមាជិកបក្ស ប៉ុន្តែតាំងពីពេលនោះ បានទាមទារឱ្យលោក Kim ចរចាជាមួយលោក Han ដើម្បីសម្រេចថា តើនរណានឹងឈរឈ្មោះជាបេក្ខជនរួមតំណាងឱ្យបក្ស ក្នុងការបោះឆ្នោត ៣ មិថុនា។

លោក Han Duck-soo ដែលបានលាលែងពីតំណែងជា ប្រធានាធិបតីស្តីទី កាលពីសប្តាហ៍មុន ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត គឺមិនមែនជាសមាជិករបស់បក្ស PPP ទេ ប៉ុន្តែបានកាន់តួនាទីជានាយករដ្ឋមន្រ្តី ក្រោមប្រធានាធិបតីធ្លាក់ពីអំណាច លោក Yoon Suk Yeol ដែលមកពីគណបក្ស PPP។

ការព្យាយាមបង្រួបបង្រួមបេក្ខជនអភិរក្សនិយមនេះ ត្រូវបានមើលឃើញថា ជាជម្រើសមួយក្នុងចំណោមជម្រើសមិនច្រើននោះឡើយ ដើម្បីអាចមានឱកាសប្រជែងជាមួយ បេក្ខជនដ៏មានប្រជាប្រិយភាពរបស់គណបក្សប្រឆាំង Democratic Party គឺលោក Lee Jae-myung។

គួរបញ្ជាក់ថា ក្រុមថ្នាក់ដឹកនាំគណបក្ស PPP និងក្រុមយុទ្ធនាការរបស់លោក Han ផ្ទាល់ កំពុងព្យាយាមដាក់សម្ពាធឱ្យលោក ទទួលយកការព្រមព្រៀងមួយ នៅមុនថ្ងៃទី១១ ខែឧសភា ជាពេលដែលការចុះឈ្មោះសម្រាប់បេក្ខជនប្រធានាធិបតី ត្រូវបិទបញ្ចប់ ប៉ុន្តែលោក Han ហាក់មិនយល់ព្រម ហើយគំរាមចាត់វិធានការផ្លូវច្បាប់ ប្រឆាំងគណបក្ស៕