(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ហ្វីលីពីននិងចិន បានធ្វើការអះអាងផ្សេងពីគ្នា ជុំវិញហេតុការណ៍ប្រឈមមុខគ្នាមួយ ក្បែរតំបន់មានវិវាទនៅសមុទ្រចិនខាងត្បូង ដែលជាឧប្បត្តិហេតុថ្មីចុងក្រោយ ក្នុងបញ្ហាជម្លោះយូរមកហើយរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាហ្វីលីពីន បាននិយាយថា នាវាល្បាត១គ្រឿងរបស់កងទ័ពជើងទឹកហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough បានជួបប្រទះ ការធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ ពីសំណាក់នាវាកងទ័ពជើងទឹកចិន ក្នុងសប្តាហ៍នេះ។ ដោយឡែក យោធាចិនបានចោទប្រកាន់ថា នាវាយោធាហ្វីលីពីន ព្យាយាមឈ្លានពានចូលដែនទឹកនៅជុំវិញតំបន់ថ្មប៉ប្រះទឹកនោះ ជាហេតុតម្រូវឱ្យខ្លួនត្រូវចាត់កងកម្លាំង ដើម្បីតាមដាននិងបណ្តេញនាវារបស់ហ្វីលីពីន ចេញទៅវីញ។
ខាងយោធាហ្វីលីពីន បាននិយាយថា ទង្វើគំរាមកំហែងនិងបង្កហេតុរបស់ភាគីចិន អាចនាំទៅរកការភាន់ច្រឡំ ដែលអាចធ្វើឱ្យកើនឡើងភាពតានតឹង និងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ ចំណែកខាងយោធាចិន បានលើកឡើងថា តំបន់ថ្មប៉ប្រះទឹកខាងលើ គឺជាកម្មសិទ្ធិរបស់ចិន ដូច្នេះហើយចិនទទូចឱ្យភាគីហ្វីលីពីន បញ្ឈប់សកម្មភាពបំពាន បង្កហេតុ និងសន្និដ្ឋានខុសរបស់ខ្លួន ជាបន្ទាន់។
គួរបញ្ជាក់ថា ប្រទេសចិនបានទាមទារកម្មសិទ្ធិលើសមុទ្រចិនខាងត្បូង សឹងតែទាំងស្រុង រួមមានទាំងតំបន់ដែលមានការទាមទារពីប្រទេសដទៃទៀត ដូចជាព្រុយណេ ឥណ្ឌូណេស៉ី ម៉ាឡេស៉ី ហ្វីលីពីន និងវៀតណាម៕