(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយលោក Kim wansup រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ លោក Park jungwook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត និងពង្រឹងភាពជាដៃគូជាមួយគ្នា លើកិច្ចការងារបរិស្ថាន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើមលោក Kim wansup បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចសហប្រត្តិបត្តិរវាងប្រទេសទាំង២ កម្ពុជា-កូរ៉េ លើវិស័យបរិស្ថាន និងកិច្ចគាំពារ និងការការពារធនធានធម្មជាតិ។

លោក Kim wansup បានបញ្ជាក់ថា កូរ៉េ ក៏មិនខុសពីកម្ពុជាដែរ កំពុងប្រឈមនឹងការបំពុលដោយប្លាស្ទិក ការផលិតប្លាស្ទិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែតម្លៃថោក ភាពធន់ និងភាពបត់បែនក្នុងការប្រើប្រាស់ ជាពិសេសពេលខ្លះបញ្ហាប្លាស្ទិកនេះបានក្លាយជារឿងចម្រូងចម្រាសរវាងរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េទៀតផង។

លោកបានបន្តថា កូរ៉េកំពុងរៀបចំផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ NDC ដើម្បីដាក់នៅខែសីហា ឆ្នាំ២០២៥ មុន Cop-30ខាងមុខ។

ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត បានជ្រាបជូនពីស្ថានភាពបរិស្ថានកម្ពុជាដែលកំពុងដែលប្រឈមនឹងការបំពុលដោយប្លាស្ទិក ប្រពន្ធ័បង្ហូរទឹកកខ្វក់ពីតាមបណ្តាលរោងចក្រ និងប្រភពទឹកនានារួមទាំងទន្លេសាប និងទន្លេមេគង្គ និងបញ្ហាការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីក៏បានបន្តថា ជាវិធានការ ដើម្បីឆ្លើយតបនឹងការបំពុលដោយប្លាស្ទិកក្រសួងបរិស្ថានកម្ពុជាបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ បំផុសចលនា និងទៅជាចលនាស្វ័យអនុវត្ត និងបន្តទៅជាវប្បធម៌ និងទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងការរក្សាភាពស្អាតតាមរយៈ៖

១- យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ មានអ្នកចូលរួមសរុបចំនួនប្រមាណ ១១លាននាក់ នៅទូទាំងប្រទេស

២- យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ៦លាននាក់ នៅទូទាំងប្រទេស

៣- យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៥ អនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥

ប្រវែងផ្លូវសម្អាតបាន ៣៤៤០.០៦គីឡូម៉ែត្រ ចំនួនអ្នកចូលរួម ជិត ២០ម៉ីននាក់។ ចំណែករោងចក្រដែលបំពុលប្រភពទឹកសាធារណៈក្រសួងបានចាត់វិធានការរហូតរោងចក្រខ្លះបិទអាជីវកម្ម និងរោងចក្រជាច្រើនទៀតបានបំពាក់ប្រពន្ធ័ចម្រោះទឹកកខ្វក់ដោយស្វ័យប្រវត្តិ។ ចំពោះប្រភពទឹកសាធារណៈ ជាពិសេសទន្លេសាប និងទន្លេមេគង្គ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ «សម្អាតទន្លេ» និងបានរៀបចំឯកសារទស្សនទានរួចរាល់ដើម្បី ធ្វើការស្តារ និងប្រមូលសំរាមប្លាស្ទិកទាំងលើ និងក្នុងទឹក។ ចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ «ពន្លកបៃតង» ជំរុញការដាំដើមឈើយ៉ាងតិចបាន១លាន/ឆ្នាំ និងការប្រែក្លាយសហគមន៍ក្នុងតំបន់ការពារធម្មជាតិជាសហគមន៍អព្យាក្រឹត្យកាបូន។

បន្ទាប់មកលោករដ្ឋមន្រ្តី បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ជាពិសេសតាមរយៈការសម្របសម្រួលដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) កម្ពុជា បានបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការ ការចុះអនុស្សារណៈយោគយល់គ្នា។

ជាក់ស្តែងការដាក់ឱ្យដំណើរការគម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នមេតាននៅកម្ពុជា ក្រោមកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាពិសេស រៀបចំវិធានសម្រាប់កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យកាត់ដេរនៅកម្ពុជា នៅក្នុងផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ NDC3.0 និងក្រុមហ៊ុនកូរ៉េជាច្រើនកំពុងតែចូលរួមរៀបចំគម្រោងឥណទានកាបូនពីវិស័យឧស្សាហកម្ម និងដឹកជញ្ជូន រួមចំណែកអនុវត្តមាត្រាទី៦ នៃកិច្ចព្រមព្រាងប៉ារីស៍ និងកិច្ចសហប្រតិបត្តិការរៀបចំទីលានទុកដាក់សំណល់រឹង ទីប្រជុំជន សំរាមផងដែរ៕