(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូប បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា យន្តហោះចម្បាំងអាមេរិក១គ្រឿងទៀត បានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman ចូលទៅក្នុងសមុទ្រក្រហម ខណៈកាលពីមួយសប្តាហ៍កន្លងទៅ ឧប្បត្តិហេតុដូចគ្នាតែម្តងនេះ ក៏ទើបតែបានកើតឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្រ្តីអាមេរិកខាងលើបានប្រាប់ថា យន្តហោះចម្បាំង F-18 ១គ្រឿង មិនអាចបង្អន់ល្បឿនឱ្យឈប់ស្ងៀមបាន ក្រោយពេលចុះចត​នៅលើនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman។ អាកាសយានិកទាំង២នាក់ បានផ្តាច់កៅអីចេញដោយជោគជ័យ មុនពេលយន្តហោះចម្បាំងនោះ ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ហើយក្រោយមកពួកគេ ត្រូវបានសង្រ្គោះចេញពីក្នុងទឹក តាមឧទ្ធម្ភាគចក្រ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន យន្តហោះចម្បាំង F-18 មួយគ្រឿងផ្សេងទៀត ក៏បានធ្លាក់ចូលសមុទ្រ ចេញពីលើនាវា Harry S Truman ផងដែរ ដែលបាននិងកំពុងស្ថិតនៅសមុទ្រក្រហម ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហាររបស់យោធាអាមេរិក ប្រឆាំងក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន។ យន្តហោះចម្បាំង F-18 ១គ្រឿងៗ មានតម្លៃខ្ទង់៦០លានដុល្លារ ឬថ្លៃជាងនេះទៅទៀត ហើយឧប្បត្តិហេតុដូចខាងលើ គឺជារឿងដ៏កម្រខ្លាំងណាស់។ ដូច្នេះហើយ ការដែលឧប្បត្តិហេតុដូចគ្នាដល់ទៅ២លើក កើតឡើងក្នុងចន្លោះពេលដ៏ខ្លីបែបនេះ ទំនងជានឹងត្រូវនាំឱ្យមាន ការពិនិត្យពិច័យហ្មត់ចត់ឡើងវិញ ចំពោះការធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះចម្បាំង៕