(ញូវដែលី)៖ ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនកន្លែងទាំងក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដ បានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ។ នៅចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ខាងក្រោមនេះ គឺជាការប្រៀបធៀបកម្លាំងយោធារវាងឥណ្ឌា និងប៉ាគីស្ថាន៖
* ចំនួនកងទ័ព
ឥណ្ឌាមានកងទ័ពសកម្មសរុប ១.៤លាននាក់ ក្នុងនោះមាន ១ ២៣៧ ០០០នាក់ជាកងទ័ពជើងគោក ៧៥ ៥០០នាក់ជាកងទ័ពជើងទឹក និង១៤៩ ៩០០នាក់ជាកងទ័ពអាកាស ព្រមទាំង ១៣ ៣៥០នាក់ ជាកងកម្លាំងឆ្មាំសមុទ្រ។
ប៉ាគីស្ថានមានកងទ័ពសកម្មក្រោម ៧០០ ០០០នាក់ ក្នុងនោះមាន ៥៦០ ០០០នាក់ជាកងទ័ពជើងគោក ៧០ ០០០នាក់ជាកងទ័ពអាកាស និង ៣០ ០០០នាក់ជាកងទ័ពជើងទឹក។
* កាំភ្លើងធំ និងរថក្រោះ
ឃ្លាំងអាវុធរបស់ឥណ្ឌា ក្នុងមាន កាំភ្លើងធំ ៩៧៤៣គ្រឿង រីឯប៉ាគីស្ថានមានកាំភ្លើងធំ ៤ ៦១៩គ្រឿង។ ឥណ្ឌាមានរថក្រោះប្រយុទ្ធ ៣៧៤០គ្រឿង ធៀបទៅនឹងប៉ាគីស្ថានមាន ២៥៣៧គ្រឿង។
* យន្ដហោះចម្បាំង
ខណៈឥណ្ឌាមានយន្ដហោះចម្បាំងមានសមត្ថភាពប្រយុទ្ធ ៧៣០គ្រឿង ប៉ាគីស្ថានមាន៤៥២គ្រឿង។
* នាវាចម្បាំង
កងទ័ពជើងទឹកឥណ្ឌាមាននាវាមុជទឹក១៦គ្រឿង នាវាពិឃាដ ១១គ្រឿង នាវាចម្បាំង ១៦គ្រឿង និងនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង។ ចំណែក កងទ័ពជើងទឹកប៉ាគីស្ថានមាននាវាមុជទឹក៨គ្រឿង និងនាវាចម្បាំង ១០គ្រឿង។
* ឃ្លាំងអាវុធនុយក្លេអ៊ែរ
ឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២គ្រាប់ និងប៉ាគីស្ថានមាន ១៧០គ្រាប់៕