(វ៉ារស្សាវ៉ា)៖​ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ​ បាន​ព្រមាន​ថា ប្រទេស​ប៉ូឡូញ​កំពុង​ប្រឈម​នឹង​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ពី​សំណាក់រុស្ស៊ី​ ក្នុង​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក ទៅ​លើ​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ខ្លួន។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ការ​បោះឆ្នោត​ជុំ​ទី​មួយ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា​ខាង​មុខ​នេះ។

លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។

លោកបានបន្ថែមថា តួនាទីរបស់ប៉ូឡូញជាមជ្ឈមណ្ឌលជំនួយដល់អ៊ុយក្រែន បានធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅចម្បង ហើយប៉ូឡូញមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្រោយករណីប្រទេសរូម៉ានី ដែលបានលុបចោលការបោះឆ្នោតកាលពីខែធ្នូ ដោយសារការចោទប្រកាន់ពីការលូកដៃពីរុស្ស៊ី។

លោក Gawkowski បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹក រោងចក្រថាមពល និងស្ថាប័នរដ្ឋបាល ត្រូវបានរងការវាយប្រហារ ហើយការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីក្នុងការវាយប្រហារបែបនេះ បានកើនឡើងទ្វេដងនៅឆ្នាំនេះ។

ទោះជាយ៉ាងណា រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថាខ្លួនជ្រៀតជ្រែកក្នុងការបោះឆ្នោតបរទេស។ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ារស្សាវ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ចុងក្រោយនេះទេ ហើយបានស្នើឲ្យលោក Gawkowski «ផ្តល់ភស្តុតាង»៕