(ញូវដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញកាលបរិច្ឆេទចាប់ផ្តើមគម្រោងវារីអគ្គិសនីចំនួនបួន ដែលកំពុងសាងសង់នៅក្នុងតំបន់កាស្មៀរ ឲ្យបានលឿនជាងពេលកំណត់រាប់ខែ បន្ទាប់ពីបានផ្អាកការអនុវត្តសន្ធិសញ្ញាចែករំលែកទឹកជាមួយប៉ាគីស្ថាន។ នេះបើយោងតាមប្រភពឧស្សាហកម្ម និងឯកសារដ្ឋបាលដែលបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តនេះ គឺជាសញ្ញាបង្ហាញពីរបៀបដែលឥណ្ឌាកំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាទឹក Indus ឆ្នាំ ១៩៦០ បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីថ្ងៃទី២២ ខែមេសា នៅកន្លែងទេសចរណ៍មួយក្នុងតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា «ភេរវករ» ទាំងពីរនាក់ដែលបើការវាយប្រហារនេះ គឺមកពីប៉ាគីស្ថាន ហើយបានចាត់វិធានការការទូត និងសេដ្ឋកិច្ចជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងអ៊ីស្លាម៉ាបាដ។
ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងរឿងនេះ ហើយបានជំទាស់នឹងគម្រោងវារីអគ្គិសនីទាំងនេះ ដោយបារម្ភថាវានឹងកាត់បន្ថយលំហូរទឹកចូលប្រទេសខ្លួន ដែលពឹងផ្អែកលើប្រព័ន្ធទន្លេ Indus សម្រាប់កសិកម្ម ៨០%។ ប៉ាគីស្ថានបានគំរាមចាត់វិធានការផ្លូវច្បាប់ និងបានព្រមានថា ការប៉ុនប៉ងបង្វែរលំហូរទឹក «នឹងត្រូវបានចាត់ទុកថាជាទង្វើសង្គ្រាម»។
ទំនាក់ទំនងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានសេចក្តីរាយការណ៍អំពីការបាញ់ប្រហារគ្នាដោយអាវុធធុនតូចឆ្លងកាត់ព្រំដែនស្ទើរតែរៀងរាល់យប់ អស់រយៈពេលជិតពីរសប្តាហ៍មកហើយ។ ប៉ាគីស្ថានក៏បានអះអាងដែរថា ឥណ្ឌាកំពុងត្រៀមការបើកការវាយប្រហារយោធាទ្រង់ទ្រាយធំលើប៉ាគីស្ថានទៀតផង។
គួរបញ្ជាក់ថា ការផ្អាកសន្ធិសញ្ញាទឹក និងការជំរុញគម្រោងវារីអគ្គិសនី ចំពេលមានភាពតានតឹងផ្នែកយោធា កំពុងបង្កើនហានិភ័យនៃជម្លោះទ្រង់ទ្រាយធំរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូង៕