(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃចន្ទ ទី៥ ខែឧសភា យោធានៃប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា ខ្លួនបានធ្វើតេស្តមីស៉ីលមួយទៀត ដែលជាលើកទី២ ក្នុងរយៈពេលត្រឹម២ថ្ងៃ ចំពេលកំពុងបន្តមានភាពតានតឹងជាមួយឥណ្ឌា ជុំវិញតំបន់ជម្លោះ Kashmir។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាប៉ាគីស្ថាន បានប្រកាសពីការបាញ់សាកល្បងដោយជោគជ័យ នូវមីស៉ីលប្រភេទ surface-to-surface ហៅថា Fatah ដែលមានសមត្ថភាពវាយប្រហារទៅលើគោលដៅ ស្ថិតនៅចម្ងាយរហូតដល់១២០គីឡូម៉ែត្រ។ ដោយឡែក កាលពីថ្ងៃទី៣ ខែឧសភា ប៉ាគីស្ថានក៏បានធ្វើតេស្តបាញ់មីស៉ីល surface-to-surface មួយទៀតហៅថា Abdali ផងដែរ មានសមត្ថភាពពាំក្បាលគ្រាប់ធម្មតាក៏បាន ឬក្បាលគ្រាប់នុយក្លេអ៊ែរក៏បាន ហើយអាចវាយប្រហារដល់ចម្ងាយ៤៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំងរវាងប៉ាគីស្ថាននិងឥណ្ឌា ចាប់តាំងពីហេតុការណ៍បាញ់រះដ៏ប្រល័យលើអ្នកទេសចរណ៍ នៅតំបន់ Kashmir កាលពីខែមេសាកន្លងទៅនេះ។ ឥណ្ឌាបានចោទប៉ាគីស្ថានថា ជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារនោះ ប៉ុន្តែទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធ។ ប៉ាគីស្ថានបានអះអាងថា ខ្លួនមានព័ត៌មានស៉ើបការណ៍សម្ងាត់ ដែលអាចជឿជាក់បានថា ឥណ្ឌាមានបំណងនឹងធ្វើសកម្មភាពយោធាប្រឆាំងខ្លួនដើម្បីសងសឹក ដែលជាហេតុបង្កើនហានិភ័យនៃការផ្ទុះឡើង នូវសង្រ្គាម​រវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា៕