(វ៉ាស៉ីនតោន)៖ ក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា បុគ្គលិកជាង ១៥ ០០០នាក់ បានទទួលយកការផ្តល់ជូនផ្នែកហិរញ្ញវត្ថុចំនួនពីររបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដើម្បីឱ្យពួកគេឈប់ពីការងារនៅក្នុងក្រសួង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ ២០២៥។
រដ្ឋបាលលោក ត្រាំ បានលើកទឹកចិត្តដល់បុគ្គលិកសហព័ន្ធ ដោយផ្តល់ទាំងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ដទៃទៀត ប្រសិនបើពួកគេយល់ព្រមឈប់ពីការងារ។ តាមសេចក្តីប្រកាសរបស់ក្រសួង បុគ្គលិកចំនួន ៣ ៨៧៧នាក់ បានយល់ព្រមស៉ីញ៉េកុងត្រាលាឈប់ពីការងារ នៅក្នុងខែកុម្ភៈ និងចំនួន ១១ ៣០៥នាក់នៅក្នុងខែមេសា សរុបមកមានអ្នកយល់ព្រមលាឈប់ចំនួន ១៥ ១៨២នាក់ហើយ។ ចំនួននេះនឹងកើនឡើងនៅខែបន្ទាប់ ពីព្រោះបុគ្គលិកជាច្រើនទៀតកំពុងស្ថិតក្នុងការពិចារណា ថាតើត្រូវលាឈប់ឬអត់។
គួរបញ្ជាក់ថា បុគ្គលិកជាង ២៦០ ០០០នាក់នៃរដ្ឋាភិបាលសហព័ន្ធ ឬប្រហែល ១ភាគ១០ ត្រូវបានបណ្តេញចេញ ឬដាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងនៅក្នុងខែមករា៕