(មូស្គូ)៖ ក្នុងសេចក្តីអត្ថាធិប្បាយមួយ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ភាពចាំបាច់ត្រូវ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន គឺមិនបានលេចឡើងទេ ហើយរូបលោកសង្ឃឹមថា ស្ថានការណ៍នឹងមិនឈានដល់ដំណាក់កាលចាំបាច់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឆ្លើយតបចំពោះសំណួរពីអ្នករាយការណ៍ព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៉ីម្នាក់ ស្តីពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនលើរុស្ស៉ី លោក ពូទីន បាននិយាយដូច្នេះថា «មិនទល់ពេលនេះ មិនមានការលេចឡើងនូវភាពចាំបាច់ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ ហើយខ្ញុំសង្ឃឹមថា តទៅមុខក៏នឹងបន្តគ្មានភាពចាំបាច់ដដែល»។ លោកប្រធានាធិបតីរុស្ស៉ី បានអះអាងថា «យើងមានកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីបញ្ចប់នូវអ្វីដែលចាប់ផ្តើមកាលពីឆ្នាំ២០២២ ជាមួយលទ្ធផលដែលរុស្ស៉ីចង់បាន»។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីបើកការឈ្លានពានចូលអ៊ុយក្រែន ក្នុងសកម្មភាពដែលវិមានក្រឹមឡាំង ហៅថា «ប្រតិបត្តិការយោធាពិសេស»។ ទោះបីកងទ័ពរុស្ស៉ី ត្រូវបានទប់ស្កាត់មិនឱ្យចូលដល់រដ្ឋធានីកៀវក៏ដោយ សព្វថ្ងៃនេះ កងកម្លាំងរបស់រុស្ស៉ី កំពុងកាន់កាប់ប្រហែល២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន ភាគច្រើននៅភាគខាងត្បូងនិងខាងលិច។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ពូទីន បានបង្ហាញឆន្ទៈដើម្បីចរចាស្វែងរកសន្តិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់បញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន តាមមធ្យោបាយការទូត។

គួរបញ្ជាក់ថា ភាពភ័យព្រួយអំពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ គឺជាកត្តាមួយនៅក្នុងការគិតគូរពិចារណារបស់ក្រុមមន្រ្តីអាមេរិក ចាប់តាំងតែពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានចាប់ផ្តើមរហូតមក។ អតីតប្រធានទីភ្នាក់ងារចារកម្មអាមេរិក CIA លោក William Burns ធ្លាប់បាននិយាយថា កាលពីចុងឆ្នាំ២០២២ គឺមានហានិភ័យធំពិតប្រាកដមួយ ដែលថារុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងអ៊ុយក្រែន៕