(កៀវ, Reuters)៖ លោក Vitali Klitschko អតីតកីឡាករប្រដាល់គីឡូធ្ងន់ដែលបច្ចុប្បន្នជាចៅហ្វាយក្រុង Kyiv ធ្លាប់បាននិយាយថាកាលពីខែមេសាថាអ៊ុយក្រែនប្រហែលជាត្រូវបោះបង់ចោលទឹកដីរបស់ខ្លួនមួយចំនួន ដើម្បីដូរយកសន្តិភាពបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។

តែនៅបន្ទាប់ពីរងការរិះគន់ទាំងកំហឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម លោក Klitschko បានលេបសម្ដីដែលលោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា ដោយ លើកឡើងសាជាថ្មីក្នុងការបង្ហោះមួយលើ Facebook ថា «ការធ្វើសម្បទានទឹកដីគឺផ្ទុយទៅនឹងផលប្រយោជន៍ជាតិរបស់យើង ហើយយើងត្រូវតែតស៊ូប្រយុទ្ធប្រឆាំងនឹងការអនុវត្តការកាត់ទឹកដីចោលនេះរហូតដល់ ទីបញ្ចប់»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមអ្នកចរចាអាមេរិកសុទ្ធតែជឿជាក់ថាផ្លូវតែមួយគត់ដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន នោះគឺទីក្រុងកៀវត្រូវតែទទួលស្គាល់ថាពួកគេមិនអាចដណ្ដើមយក ទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៉ីបានគ្រប់គ្រងចាប់តាំងពីការឈ្លានពានផ្ទុះឡើងត្រឡប់មកវិញបាននោះទេ។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរជំហររបស់លោក Klitschko រួមជាមួយការស្ទង់មតិបានបញ្ជាក់ថាក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនភាគច្រើននៅតែមិនមានឆន្ទៈបោះបង់ចោលទឹកដីទៅឱ្យរុស្ស៉ី ដើម្បីដូរយកកិច្ចព្រមព្រៀងបទឈប់បាញ់មួយនោះទេ។ ការស្ទង់មតិក៏អាចពន្យល់បានដែរថាតើហេតុអ្វីបានជា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលត្រូវបានគេរំពឹងថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតនៅពេលអនាគត បានប្រឆាំងដាច់ខាតទៅនឹងការដាក់សម្ពាធពីលោក ត្រាំ ឱ្យបង់ បោះចោលទឹកដីនៅក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់នាពេលកន្លងមក។

តាមការស្ទង់មតិរបស់ស្ថាប័ន Gradus Research ដែល Reuters​ ទទួលបាន ជិត ៣ភាគ៤នៃប្រជាជនអ៊ុយក្រែនមិនមើលឃើញថាការធ្វើសម្បទានទឹកដីគឺជាមធ្យោបាយដើម្បីបិទបញ្ចប់សង្រ្គាមនោះទេ។ លើសពីនេះ ការស្ទង់មតិថ្មីមួយនៅក្នុងសប្ដាហ៍នេះ ក៏បានបង្ហាញដែរថា៤០ភាគរយនៃប្រជាជនអ៊ុយក្រែនដែលត្រូវបានសម្ភាសន៍ជឿថាការធ្វើសម្បទានទឹកដី អាចដូរបានសន្តិភាពត្រឹមរយៈពេលខ្លី ឬបណ្ដោះអាសន្នតែប៉ុណ្ណោះ ខណៈ ៣១ភាគរយជឿថាការធ្វើសម្បទានទឹកដីនឹងមិននាំទៅរកសន្តិភាពអ្វីទាំងអស់។

គួរបញ្ជាក់ថា រុស្ស៉ីបានបដិសេធថាខ្លួនមិនមានបំណងចង់គ្រប់គ្រងទឹកដីអ៊ុយក្រែនទាំងមូលឡើយ ប៉ុន្តែកងកម្លាំងរបស់ទីក្រុងមូស្គូ បានវាយសំដៅសម្រុកចូលទីក្រុងកៀវ នៅក្នុងការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ មុននឹងកងទ័ពអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យដកថយចេញពីទីក្រុងកៀវ ទៅកាន់ភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន៕