(ស៊ីដនី)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសអូស្ត្រាលីបានចាប់ផ្ដើមហើយ នៅថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ បន្ទាប់ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយដែលគ្របដណ្ដប់អតិផរណា ការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ និងគោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈពលរដ្ឋអូស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុន ការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ។ បើតាមក្រសួងការបរទេសអូស្ត្រាលី ពលរដ្ឋអូស្ត្រាលីរាប់សែននាក់រស់នៅក្រៅប្រទេសក៏ត្រូវបានរំពឹងដែរថានឹងចូលរួមបោះឆ្នោតនៅទីតាំងបោះឆ្នោតដែលត្រូវបាន បង្កើតឡើងនៅក្នុងប្រទេសចំនួន៨៣។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិ គណបក្សពលកររបស់នាយករដ្ឋមន្ត្រីសព្វថ្ងៃ លោក Anthony Albanese មានប្រៀបជាងគណបក្សអភិរក្សនិយមរបស់លោក Peter Dutton។ នៅអូស្ត្រាលី ការបោះឆ្នោតគឺជាកាតព្វកិច្ចខានមិនបានមួយកំណត់ដោយច្បាប់សម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមិនបានបំពេញករណីកិច្ចមួយនេះនឹងត្រូវពិន័យជាប្រាក់ ២០ដុល្លារអូស្ត្រាលី ឬស្មើនឹង១៣ដុល្លារអាមេរិក ដែលនេះបានជំរុញឱ្យអត្រាអ្នកចូលរួមក្នុងការបោះឆ្នោតអាចមានដល់ ៩០ភាគរយ៕