(សាន់ត្យាហ្គោ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារតំបន់ Drake Passage ដែលនៅចន្លោះចុងទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក ក្នុងជម្រៅរាក់ត្រឹមតែ ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ ទី២ ខែឧសភា បានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរនៃតំបន់ Magallanes ភាគខាងត្បូងបំផុតរបស់ឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារ​គ្រោះមហន្តរាយ SENAPRED របស់​ឈីលី បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជនចេញ ខណៈ​ដែល​ប្រធានាធិបតី លោក Gabriel Boric បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ថា «យើង​កំពុង​អំពាវនាវ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Magallanes ទាំងមូល»។ ទន្ទឹម​នឹង​នេះ វិទ្យាស្ថាន​អង់តាក់ទិក​ឈីលី (INAHC) បាន​ប្រាប់ Reuters ថា មូលដ្ឋាន​នៅ​តំបន់​អង់តាក់ទិក​ក៏​កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ​ដែរ។

សេវាជលសាស្ត្រ និងមហាសមុទ្រឈីលី (SHOA) បាន​ព្រមាន​ថា រលកស៊ូណាមិអាចនឹងទៅដល់មូលដ្ឋាននៅអង់តាក់ទិក និងទីក្រុងនានានៅភាគខាងត្បូងបំផុតរបស់ឈីលី ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ថា រលកអាចមានកម្ពស់ពី ០.៣ ដល់ ១ម៉ែត្រ នៅអង់តាក់ទិក និងពី ១ ដល់ ៣ម៉ែត្រ នៅប្រទេសឈីលី។

គួរបញ្ជាក់ថា ប្រទេសឈីលី ស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ ដោយសារទីតាំងរបស់ខ្លួននៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក៕