(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងកាត់បន្ថយថវិកាសហព័ន្ធសម្រាប់បណ្ដាញសារព័ត៌មានសាធារណៈ NPR និង PBS ដោយចោទប្រកាន់ស្ថាប័នទាំងពីរថាមានភាពលម្អៀង និងបក្ខពួកនិយម។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។

បទបញ្ជា​នេះ​បាន​ណែនាំ​ដល់​សាជីវកម្ម​សម្រាប់​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ (CPB) ដែល​ជា​អ្នក​ចែកចាយ​ថវិកា​សហព័ន្ធ ឲ្យ «បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ផ្ទាល់» ដល់ NPR និង PBS ក្នុង​កម្រិត​អតិបរមា​តាម​ដែល​ច្បាប់​អនុញ្ញាត និង​បដិសេធ​ការ​ផ្ដល់​មូលនិធិ​នា​ពេល​អនាគត។ បទបញ្ជា​នេះ​ក៏​មាន​គោលបំណង​បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ប្រយោល​ផង​ដែរ ដោយ​តម្រូវ​ឲ្យ CPB ធានា​ថា អ្នក​ទទួល​ជំនួយ​របស់​ខ្លួន ដូចជា​ស្ថានីយ​ក្នុង​ស្រុក មិន​ប្រើប្រាស់​ថវិកា​សហព័ន្ធ​សម្រាប់ NPR និង PBS ឡើយ។

កន្លងមក ទាំង NPR និង PBS បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការកាត់បន្ថយថវិការបស់ពួកគេ នឹងរំខានដល់សេវាសារព័ត៌មានដ៏សំខាន់ និងមាន «ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដល់ប្រជាជនអាមេរិកដែលពឹងផ្អែកលើពួកគេសម្រាប់ព័ត៌មានដែលអាចទុកចិត្តបាន ជាពិសេសក្នុងពេលមានគ្រាអាសន្ន។

គួរបញ្ជាក់ថា នេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ថវិកាសហព័ន្ធជាឧបករណ៍ដាក់សម្ពាធលើស្ថាប័នដែលលោកមិនយល់ស្រប។ រដ្ឋបាលរបស់លោកបានចោទប្រកាន់ស្ថាប័នអប់រំ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនថាមាននិន្នាការឆ្វេងនិយម និងលម្អៀង ហើយបានព្យាយាមកាត់បន្ថយថវិកា។ អ្នកតស៊ូមតិសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ។

កាលពីថ្ងៃចន្ទ CPB បានប្ដឹងសេតវិមាន បន្ទាប់ពីលោក ត្រាំ បានព្យាយាមបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន ៣នាក់ក្នុងចំណោម ៥នាក់។ CPB គឺជាសាជីវកម្មមិនរកប្រាក់ចំណេញដែលបង្កើតឡើងដោយសភា និងផ្តល់ថវិកាដល់ស្ថានីយវិទ្យុ និងទូរទស្សន៍សាធារណៈជាង ១,៥០០។ មានរបាយការណ៍ថា សេតវិមានគ្រោងនឹងស្នើសុំសភាឲ្យលុបចោលថវិកា ១.១ពាន់លានដុល្លារសម្រាប់ CPB៕