(​ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលកំពុងផ្ទុះកំហឹងសាជាថ្មីចំពោះការសម្រេចចិត្ត លុបចោលការលក់កាំភ្លើង ២៦,០០០ដើមដល់ប៉ូលិសជាតិហ្វីលីពីន​នោះអាចនឹងងាក​ទៅទិញអាវុធពីរុស្ស៊ីវិញ ហើយនឹងពង្រីកចំណងមិត្តភាពជាមួយទីក្រុងប៉េកាំងបន្ថែមទៀត ក៏ប៉ុន្តែនេះមិនមែនមានន័យថាទីក្រុងម៉ានីល បោះបង់ចោលសហរដ្ឋអាមេរិកនោះទេ​ពោលគឺ ប្រធានាធិបតីហ្វីលីពីនរូបនេះកំពុងលេងលែ្បង «ព្រួញមួយបាញ់បានសត្វបី»។ នេះបើយោងតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរុស្ស៊ី លោក Vladimir Svedentsov ដែលចុះផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik​​ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការលើកឡើងរបស់លោក​ Svedentsov មិនមែនជារឿងចៃដន្យទេជាក់ស្ដែង​លោក ឌូធើតេ ខ្លួនឯងផ្ទាល់ធា្លប់បាននិយាយថា លោកចង់បង្កើតនយោបាយការបរទេសឲ្យមានតុល្យភាពថ្មីមួយ​ ដោយមិនពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំង កាលពីខែតុលាលោកបានប្រកាសក្ដែងៗថាលាហើយសហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេលលោកជាន់ដល់ទឹកដីជប៉ុនលោកបែរជានិយាយថា ហ្វីលីលីនមិនអាចផ្ដាច់ទំនាក់ទំនងជាមួយ ទីក្រុងវ៉ាស៊ីនតោនបានទៅវិញ ហើយថែមទំាងអះអាងថាអ្វីដែលលោកលើកឡើងមុនៗ គ្រាន់តែជាគំនិតផ្ទាល់របស់លោកតែប៉ុណ្ណោះ មិនមែនតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីនឡើយ។
ដោយឡែកជុំវិញរឿងនេះដែរនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Svedentsov បានថ្លែងថា «បើសិនជាការប្រកាសចង់ទិញអាវុធពីរុស្ស៊ីជាការពិត នោះមានន័យថាលោក ឌូធើតេ កំពុងដឹកនាំឆ្ពោះទៅរក គោលនយោបាយការបរទេសមានតុល្យភាពថ្មីមួយ សំដៅទៅរកសហរដ្ឋអាមេរិក ក៏ប៉ុន្តែក៏ឆ្ពោះទៅរកចិននិងរុស្ស៊ីផងដែរ»។  

គួររំលឹកថាកាលពីថ្ងៃអង្គារ លោក ឌូធើតេ បានហៅអ្នកនៅពីក្រោយការសម្រេចចិត្តលុបចោលការលក់កាំភ្លើង ២៦,០០០ដើមឱ្យទីក្រុងម៉ានីលថាជា «មនុស្សឆ្កួត និងជាសត្វស្វា»៕