(សេអ៊ូល)៖ លោក Lee Ju Ho ដែលជាប្រធានាធិបតីស្តីទីទី៣ របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៥ខែ នៅថ្ងៃសុក្រ ទី២ ខែឧសភា បានប្តេជ្ញាថា រូបលោកនឹងធានាឱ្យបាននូវរដ្ឋាភិបាលមួយដែលមានស្ថិរភាព រហូតដល់ការបោះឆ្នោតប្រធានាធិបតីថ្មី ដែលគ្រោងរៀបចំឡើងនៅដើមខែក្រោយ បន្ទាប់ពីនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីហិរញ្ញវត្ថុលាលែងពីតំណែង។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lee គឺជារដ្ឋមន្រ្តីក្រសួងអប់រំ ហើយឥឡូវមានតួនាទី ដឹកនាំប្រទេសដែលមានសេដ្ឋកិច្ច​ធំលំដាប់ទី៤ ប្រចាំអាស៉ីមួយនេះ ឆ្លងកាត់វិបត្តិនយោបាយ បង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន របស់ប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ពីអំណាច បូករួមជាមួយ ផលប៉ះពាល់នៃបញ្ហាពន្ធគយរបស់អាមេរិក។ លោក Lee បានសន្យាធ្វើការជិតស្និទ្ធជាមួយគណៈរដ្ឋមន្រ្តី ព្រមទាំងជាមួយសភាគ្រប់គ្រងដោយបក្សប្រឆាំង ដែលបានបោះឆ្នោតចោទប្រកាន់ដើម្បីដកតំណែង លោក Yoon កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយនឹងព្យាយាមរក្សាស្ថិរភាពរដ្ឋាភិបាល។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck Soo ដែលបានកាន់តួនាទីជាប្រធានាធិបតីស្តីទី មុនពេលចុះចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសនៅថ្ងៃសុក្រនេះ អំពីបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី។ រីឯរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang Mok ដែលយោងតាមច្បាប់ ត្រូវឡើងកាន់តួនាទីជាប្រធានាធិបតីស្តីទីម្តងទៀតនោះ ទម្រាំដល់ពេល​បោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៣ ខែមិថុនា ស្រាប់តែបានប្រកាសលាលែងពីតំណែង កាលពីវេលាមុនយប់ពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍៕