(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រាល់ការទិញប្រេង ឬផលិតផលគីមីឥន្ធនៈអ៉ីរ៉ង់ ត្រូវតែបញ្ឈប់ ហើយប្រទេស ឬបុគ្គលណាដែលទិញពីប្រទេសនេះ នឹងត្រូវរងទណ្ឌកម្មបន្ទាប់បន្សំភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ ២០២៥។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម ជាមួយសហរដ្ឋអាមេរិក តាមគ្រប់រូបភាព»។ ការអត្ថាធិប្បាយនេះ កើតមានឡើងបន្ទាប់ពីកិច្ចចរចាអាមេរិក-អ៉ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលគ្រោងធ្វើឡើងក្នុងទីក្រុងរ៉ូម នាថ្ងៃសៅរ៍ចុងសប្តាហ៍ ត្រូវបានពន្យារពេល។

កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួន ដែលខ្លួនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មប្រេង និងផលិតផលគីមីឥន្ធនៈ ជាមួយអ៉ីរ៉ង់ដោយខុសច្បាប់។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ប្រាប់ Reuters ថាកាលបរិច្ឆេទថ្មីនៃកិច្ចចរចាជុំបន្ទាប់ នឹងត្រូវបានកំណត់ ហើយវាអាស្រ័យលើរបៀបធ្វើការរបស់អាមេរិក៕