(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ហើយការលាលែងនេះត្រូវបានទទួលយក ខណៈដែលសភាជាតិរបស់ប្រទេសនេះកំពុងដំណើរការបោះឆ្នោតលើការចោទប្រកាន់ ដើម្បីទម្លាក់លោកចេញពីតំណែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុ និងរាយការណ៍បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Choi ត្រូវបានទទួលយក ការបោះឆ្នោតដើម្បីចោទប្រកាន់រូបលោកពីបទរំលោភច្បាប់បោះឆ្នោត ក៏ត្រូវបានផ្អាកផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់ លោក Choi បានពន្យល់ដូច្នេះថា «ខ្ញុំសុំទោសដែលលាលែងពីតំណែង ដោយសារតែវាពិបាកក្នុងការបន្តបំពេញភារកិច្ចចំពេលមានស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរទាំងក្នុង និងក្រៅប្រទេស»។
ការលាលែងរបស់លោក Choi កើតឡើងចំពេលដ៏រសើបមួយ ខណៈដែលលោកត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីស្តីទីបច្ចុប្បន្ន និងជានាយករដ្ឋមន្ត្រី លោក Han Duck-soo គ្រោងលាលែងពីតំណែង ដែលគេជឿថាដើម្បីត្រៀមឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតខែក្រោយ។
ដោយសារតែការលាលែងរបស់លោក Choi ពេលនេះ តួនាទីជាប្រធានាធិបតីស្តីទី អាចនឹងត្រូវធ្លាក់ទៅលើរដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho ដែលនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងដំណើរការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែមិថុនា ខាងមុខនេះ។
គួរបញ្ជាក់ថា ការលាលែងនេះ បានបន្ថែមភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអតីតប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំមុន។ ការផ្លាស់ប្តូរតំណែងកំពូលៗ និងភាពចលាចលផ្នែកនយោបាយនេះ កំពុងកើតមានចំពេលដែលកូរ៉េខាងត្បូងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីនៅខែក្រោយ៕