(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ា បានទុកឱ្យបទឈប់បាញ់មួយ ដែលប្រកាសឡើងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមុន ផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
បទឈប់បាញ់ដែលក្រុមអ្នកឃ្លាំមើលនិយាយថា មានការបំពានជាញឹកញាប់ដោយការវាយប្រហារតាមអាកាស ត្រូវបានដាក់ចេញនៅថ្ងៃទី២ ខែមេសា ហើយបានផុតកំណត់ត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ។ ក្រុមការងារព័ត៌មាននៃរបបយោធា មិនបានប្រកាសពីការពន្យារពេលណាមួយឡើយ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានអង្រួនប្រទេសមីយ៉ាន់ម៉ា កាលពី២៨ ខែមីនា បណ្តាលឱ្យមនុស្សជិត ៣ ៨០០នាក់ស្លាប់ និងបន្សល់ទុកអ្នកគ្មានផ្ទះសម្បែងរាប់ពាន់នាក់ គ្រាដែលរដូវក្តៅកាន់ខិតជិតមកដល់៕