(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះថា ហើយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត បន្តគាំទ្រអ៊ុយក្រែន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចសន្តិភាព និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។

តាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក ហ្សេលេនស្គី បានអបអរសាទរចំពោះជ័យជម្នះរបស់ លោក Carney នៅក្នុងការបោះឆ្នោតសកល ហើយមេដឹកនាំទាំងពីរយល់ស្របដូចគ្នាថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះតែមានវត្តមានអ៊ុយក្រែន នៅឯតុចរចា។

គួរបញ្ជាក់ថា ឆ្នាំនេះ កាណាដា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ហើយលោក Carney ក៏បានអញ្ជើញ លោក ហ្សេលេនស្គី ឱ្យមកចូលរួមផងដែរ៕