(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីសម្រេចប្រែក្រឡាស់វិញ ចំពោះសាលក្រមរបស់តុលាការថ្នាក់ក្រោម ដែលបានសម្រេចថា លោក Lee Jae Myung ដែលជាបេក្ខជនប្រធានាធិបតីកំពុងមានប្រជាប្រិយភាពនាំមុខគ្នា គឺមិនមានជាប់ពិរុទ្ធក្នុងការបំពានច្បាប់បោះឆ្នោតឡើយ ខណៈប្រការនេះបង្កឱ្យមានភាពស្រពេចស្រពិល ចំពោះសិទ្ធិរបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីខែមីនា តុលាការជាន់ខ្ពស់នៃទីក្រុងសេអ៊ូល បានចេញសាលក្រមមួយ សម្រេចឱ្យលោក Lee រួចផុតពីការចោទប្រកាន់ ពីបទបំពានច្បាប់បោះឆ្នោត តាមរយៈការនិយាយកុហកក្នុងនាមជាបេក្ខជនប្រធានាធិបតី អំឡុងយុទ្ធនាការឃោនាបោះឆ្នោតឆ្នាំ២០២២។
ការចេញសេចក្តីសម្រេចខាងលើរបស់តុលាការកំពូល កើតមានឡើងត្រឹមតែ១ខែប៉ុណ្ណោះ មុនពេលប្រទេសអាស៉ីបូព៌ាមួយនេះ នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាថ្ងៃទី៣ ខែមិថុនា។ សំណុំរឿងនេះ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារតែលទ្ធភាពនៃផលប៉ះពាល់ចំពោះសិទ្ធិរបស់លោក Lee ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ បន្ទាប់ពីតុលាការរកំពូល បានសម្រេចយ៉ាងដូច្នោះហើយនោះ សំណុំរឿងនាពេលនេះ ត្រូវបញ្ជូនត្រឡប់ទៅកាន់តុលាការជាន់ខ្ពស់នៃទីក្រុងសេអ៊ូលវិញ។
គួរបញ្ជាក់ថា នៅប្រទេសកូរ៉េខាងត្បូង ជនទាំងឡាយណា ដែលទទួលរងការពិន័យជាប្រាក់ចាប់ពី១លានវ៉ុន (៧០០ដុល្លារ) ឡើងទៅ ពាក់ព័ន្ធការបំពានច្បាប់បោះឆ្នោត គឺត្រូវបានហាមឃាត់ពីការឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំ៕