(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានរដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់ពីបទល្មើសថ្មីមួយទៀត គឺរំលោភអំណាច ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន អំឡុងពេលលោកនៅកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចោទប្រកាន់ថ្មីខាងលើ គឺចំពេលដែលលោក Yoon កំពុងប្រឈមដំណើរការជំនុំជម្រះរឿងក្តី នៃបទចោទប្រកាន់បង្កការបះបោរ តាមរយៈការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ច្បាប់អាជ្ញាសឹកនោះ ត្រូវបានអនុវត្តអស់រយៈពេល៦ម៉ោង មុនពេលដែលក្រុមសមាជិកសភាបក្សប្រឆាំង នាំគ្នាបោះឆ្នោតបញ្ជាឱ្យដកចេញទៅវិញ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេក៏បានបោះឆ្នោតចោទប្រកាន់ដើម្បីដកតំណែងលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។

លោក Yoon អាយុ៦៤ឆ្នាំ ត្រូវបានដកតំណែងជាផ្លូវការ ដោយតុលាការធម្មនុញ្ញកាលពីខែមេសា។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងដំបូងឡើយ បានចោទប្រកាន់លោក Yoon កាលពីខែមករា ពោលគឺអំឡុងពេលរូបលោកនៅជាប្រធានាធិបតី ពីបទដឹកនាំការប៉ុនប៉ងបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក។

ប្រសិនបើរកឃើញថា ពិតជាមានជាប់ពិរុទ្ធពីបទដឹកនាំការបះបោរមែន លោក Yoon អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាមួយជីវិត ឬក៏ទោសប្រហារជីវិតតែម្តង ប៉ុន្តែប្រទេសកូរ៉េខាងត្បូង បានប្រកាន់គោលការណ៍ផ្អាកក្រៅផ្លូវការ ស្តីពីការប្រហារជីវិតចាប់តាំងពី​ឆ្នាំ១៩៩៧មកម៉្លេះ។

គួរបញ្ជាក់ថា លោក Yoon Suk Yeol គឺជាប្រធានាធិបតីកូរ៉េខាងត្បូងទី២ ដែលត្រូវបានទម្លាក់ចេញពីអំណាច និងជាប្រធានាធិបតី៣ ដែលត្រូវបានសភាចោទប្រកាន់ដើម្បីដកតំណែង។ ដោយសារលោក Yoon ត្រូវបានដកហូតតំណែងបែបនេះ ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមុនអាណត្តិ នៅថ្ងៃទី៣ ខែមិថុនាខាងមុខ៕