(ប៉េកាំង)៖ យប់ថ្ងៃទី២៩ខែមេសា មន្ត្រីពាក់ព័ន្ធនៃក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើអវិជ្ជមានមួយចំនួន របស់ភាគីហ្វីលីពីន ក្នុងវិស័យពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់និងសន្តិសុខ ។ ទង្វើរបស់ភាគីចិនមិនត្រឹមតែបានការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីគាំពារសន្តិភាព និងភាពសុខសាន្តត្រានក្នុងតំបន់ផងដែរ។
ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏ជាកត្តាអស្ថិរភាពសំខាន់ ក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។ ពេលថ្មីៗកន្លងទៅនេះ ភាគីហ្វីលីពីនបានបង្ករឿងហេតុ ជាបន្តបន្ទាប់ ៖ កាលពីថ្ងៃទី២០ខែមេសា ហ្វីលីពីនចាត់បញ្ជូននាវាការពារ ទៅបំពានចូលដោយខុសច្បាប់ក្នុងដែនសមុទ្រកោះ Huangyan របស់ចិន ដែលរងការព្រមាននិងបណ្តេញពី យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ។ កាលពីថ្ងៃទី២៧ខែមេសា បុគ្គលិកចំនួន៦នាក់របស់ភាគីហ្វីលីពីន បានឡើងលើថ្មប៉ប្រះទឹក Tiexian ធ្វើសកម្មភាពដោយខុសច្បាប់ ដែលត្រូវបានស៊ើបអង្កេតនិងដោះស្រាយដោយ មន្ត្រីអនុវត្តច្បាប់នៃឆ្មាំសមុទ្រចិនតាមផ្លូវច្បាប់ ។
ស្របពេលជាមួយគ្នានេះ ភាគីហ្វីលីពីនរួមជាមួយសហរដ្ឋអាមេរិកចាប់ដំណើរការនូវសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំឈ្មោះ “ស្មាប្រកៀកស្មា” ដែលដាក់ទីតាំងធ្វើសមយុទ្ធនៅលើ តំបន់ភាគខាងជើងនៃកោះ Luzon ដែលបែរមុខទៅរកច្រកសមុទ្រតៃវ៉ាន់ ព្រមនិងខេត្ត Palawan ដែលឆ្ពោះទៅសមុទ្រចិនខាងត្បូង ហើយចាត់ទុក “ការសាកល្បងធ្វើប្រយុទ្ធដោយគ្រប់ជ្រុងជ្រោយ” ជាទិដ្ឋភាពស្រមើស្រមៃជាលើកដំបូង ។ ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសដែលលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅហ្វីលីពីន កាលពីថ្ងៃទី២៩ខែមេសា ប៉ុនប៉ងចុះហត្ថលេខាលើ 《កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា》និង《កិច្ចព្រមព្រៀងស្តីពីតម្រូវការខាងយោធា និងការផ្តល់ជំនួយសេវាកម្មដល់គ្នាទៅវិញទៅមក》 លើមូលដ្ឋាននៃ 《កិច្ចព្រមព្រៀងស្តីពី ការផ្តល់ការអនុគ្រោះដល់ ការអនុញ្ញាតឱ្យចូលគ្នាទៅវិញទៅមក》ដែលបានចូលជាធរមាន ដើម្បីលើកកម្ពស់កម្រិតសហប្រតិបត្តិការផ្នែកសន្តិសុខយោធារវាងប្រទេសទាំងពីរ ។
ប៉ុន្តែ កលល្បិច “អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ” របស់ហ្វីលីពីនត្រូវបានមជ្ឈដ្ឋានខាងក្រៅមើលឃើញច្បាស់ផងដែរ ។ សហរដ្ឋអាមេរិកនិងជប៉ុនសុទ្ធតែធ្លាប់បង្កើត តំបន់អាណានិគមនៅហ្វីលីពីន ពួកគេផ្តល់ជំនួយនិងការគាំទ្រដល់ហ្វីលីពីននៅថ្ងៃនេះ គ្រាន់តែដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏រំពឹងថា នឹងរក្សាអនុត្តរភាពក្នុងតំបន់តាមរយៈការផ្តល់គាំទ្រដល់ហ្វីលីពីន ចំណែកជប៉ុនគឺសង្ឃឹមឆ្លៀតឱកាសនេះពន្លឿនជំហានវាតទីផ្នែកយោធា ដើម្បីបង្កើតវត្តមានយោធាអចិន្រ្តៃយ៍និងកម្លាំងឥទ្ធិពល ខាងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ ។ “ទៅស្វែងរកសន្តិសុខ”ចំពោះប្រទេសក្រៅតំបន់ដូចជា សហរដ្ឋអាមេរិកនិងជប៉ុនជាដើម ?ហ្វីលីពីនប្រៀបដូចជាសុំយកស្បែកពីខ្លា ។
ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ហ្វីលីពីនបានរងភាពឈឺចាប់យ៉ាងខ្លាំង ដោយសារធ្លាក់ក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ននេះ សុខចិត្តក្លាយជា “ទ័ពស្រួច” ខាងភូមិសាស្ត្រនយោបាយនៃប្រទេសក្រៅតំបន់ ដើម្បីពង្រឹងកម្លាំងឥទ្ធិពល នៃក្រុមនយោបាយរបស់ពួកគេ ។ នេះមិនត្រឹមតែបានលក់ ផលប្រយោជន៍ជាតិហ្វីលីពីន ប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញការកសាង ទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បំផ្លាញសុខសុភមង្គលរបស់ ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ “អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មិនអាចនាំមកនូវសន្តិសុខ និងផលប្រយោជន៍ដល់ហ្វីលីពីនទេ ផ្ទុយទៅវិញវាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញអ្វីទាល់តែសោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន