(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើផែនការលក់គ្រឿងបន្លាស់នៃប្រព័ន្ធមីស៉ីល Patriot ឱ្យដល់ប្រទេសកូវ៉ែត ជាមួយនិងការផ្តល់សេវាកម្មគាំទ្រផងដែរ ក្នុងតម្លៃប្រហែល ៤២៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corporation នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ការលក់នេះ នឹងត្រូវរង់ចាំការយល់ព្រមពីសំណាក់ព្រឹទ្ធសភាអាមេរិកទៀត ហើយសំណើត្រូវបានបញ្ជូន ទៅកាន់ព្រឹទ្ធសភារួចហើយនៅថ្ងៃពុធ៕