(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាទៅវិញទៅមកដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ជាមួយការបង្ហាញការគាំទ្រចំពោះឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងជំរុញឱ្យប៉ាគីស្ថានផ្ដល់កិច្ចសហប្រតិបត្តិការនៅក្នុង ការស៊ើបអង្កេតលើការវាយប្រហារ។

កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ គឺជាកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈក្នុងពេលតែមួយពីការចូលរួមការទូតរបស់ទីក្រុងវ៉ាស៊ីនតោនសំដៅបន្ធូរបន្ថយ ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសាមក។ ឥណ្ឌាគឺជាដៃគូដ៏សំខាន់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលចិន។ ប៉ាគីស្ថានវិញ ក៏នៅតែជាសម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោនដែរ បើទោះជាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំង២បានថមថយចុះ ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១ ក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទខាងលើ លោក Rubio បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថានដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ធ្វើការជាមួយគ្នាទៅវិញទៅមក ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កើតទំនាក់ទំនងដោយផ្ទាល់ឡើងវិញ និងរក្សាសន្តិភាព។ វ៉ាស៊ីនតោនក៏បានជំរុញឱ្យបណ្ដាប្រទេសដទៃជួយបន្ថយភាពតានតឹងផងដែរ ខណៈស្នើឱ្យឥណ្ឌា និងប៉ាគីស្ថានស្វែងរកដំណោះស្រាយ មួយប្រកបដោយការទទួលខុសត្រូវ៕