(ប៉េកាំង)៖ ប្រទេសចិន បានបង្កើតបញ្ជីឈ្មោះផលិតផលផលិតដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវលើកលែងពីពន្ធគយ ១២៥ភាគរយរបស់ខ្លួន ហើយកំពុងជូនដំណឹងជាសម្ងាត់ដល់បណ្តាក្រុមហ៊ុន អំពីគោលនយោបាយនេះ ខណៈទីក្រុងប៉េកាំង កំពុងស្វែងរកការបន្ធូរបន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។
តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchips និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្រូវបញ្ចូលក្នុងបញ្ជីថ្មីនេះទេ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់ លុះត្រាតែសហរដ្ឋអាមេរិកដកពន្ធគយ ១៤៥ភាគរយ ហើយប្រកាសជួយដល់ផ្តល់សម្បទានដល់ឯកជន ដែលរងផលប៉ះពាល់ខ្លាំងពីសង្រ្គាមពាណិជ្ជកម្ម៕