(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ថ្ងៃសុក្រនេះបានសូមអភ័យទោសម្តងទៀត ចំពោះពលរដ្ឋកូរ៉េខាងត្បូង និងបាននិយាយថា «បេះដូងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ» ដោយអ្វីៗទាំងអស់ គឺជាកំហុសរបស់លោកស្រី ហើយលោកស្រីយល់ព្រមសហការជាមួយរដ្ឋអាជ្ញាដើម្បីឲ្យមានការ ស៊ើបអង្កេតទៅលើរូបលោកស្រីផ្ទាល់ ជុំវិញរឿងអាស្រូវនយោបាយដែលពាក់ព័ន្ធនឹងមនុស្សជំនិត របស់លោកស្រីបើសិនជាវាចាំបាច់បំផុតនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូងយុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងទៅកាន់ប្រជាជាតិកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានធ្វើការសូមទោសជាលើកទីពីរចំពោះ រឿងអាស្រូវនយោដ៏តានតឹងដែលមានមិត្តភក្តិដ៏ជិតស្និតបំផុតរបស់លោកស្រី គឺជាដើមចមដែលបានធ្វើឲ្យ ប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះស្រុតធ្លាក់ចុះយ៉ាងខ្លាំង និងបានធ្វើរដ្ឋាភិបាលមានភាពច្របូក ច្របល់ផងដែរ ហើយម៉្យាងវិញទៀតដោយសារតែរឿងនេះ ពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់បានទាមទារ ឲ្យលោកស្រី ផាក ចុះចេញពីតំណែងទៀតផង។

លោកស្រី ផាក គឺនហេ បានទទួលរងការចោទប្រកាន់ថា លោកស្រីបានអនុញ្ញាតឲ្យស្រ្តីឈ្មោះ Choi Soon-sil ដែលជាមិត្តភក្តិដ៏ជិតស្និតរបស់រាប់សិបឆ្នាំរបស់ខ្លួន ចូលអានឯកសារព្រៀងសម្រាប់ការឡើង ថ្លែងសន្ទុរកថាជាសាធារណៈរបស់លោកស្រី ផាក បានជាមុន ហើយមានសិទ្ធិចូលមើលឯកសារសម្ងាត់ របស់ប្រធានាធិបតីផ្សេងៗទៀត ដែលក្នុងចំណោមនោះរួមមានរបាយការណ៍សម្ងាត់របស់ជាតិ ថែមទៀតផង។ ក្រៅពីនេះលោកស្រី ផាក ក៏ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរឿងបង្ខំឲ្យ ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេស ធ្វើការបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារ ទៅឲ្យមូលនិធិសប្បុរសធម៌ផងដែរ។

គួរបញ្ជាក់ដែរថា អាណត្តិប្រធានាធិបតីរបសលោកស្រី ផាក គឺនហេ បានប្រឈមនឹងការរង្គោះរង្គើរ ដោយសារតែរឿងអាស្រូវដ៏ខ្មៅងងឹតមួយនេះ ហើយបើលោកស្រីស្ថិតនៅក្នុងតំណែងជាមេដឹកនាំកំពូល របស់ប្រទេស ដូច្នេះបើលោកស្រីត្រូវបានគេបើកការស៊ើបអង្កេតលើពិតមែននោះ វាគឺជារឿងជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង៕