(ឡុងដ៍)៖ តុលាការកំពូលអង់គ្លេសបាននិយាយថា សភាអង់គ្លេសគួរតែត្រួតពិនិត្យ និងអនុម័តលើ ការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុប «Brexit» មុននឹងអនុញ្ញាតឱ្យរដ្ឋាភិបាលដំណើរការតាមនីតិវិធី ក្នុងការលះលែងជាមួយសហភាពអឺរ៉ុប បើពុំដូច្នោះទេលទ្ធផលនៃការបោះឆ្នោតធ្វើប្រជាមតិនឹងមិនអាច យកជាការបានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​​ BBC​ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរតុលាការកំពូលអង់គ្លេស បានសម្រេចអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកស្រី Theresa May ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូល ខណៈមេធាវីខាងរដ្ឋាភិបាលបានបញ្ជាក់ថា តុលាការជាន់ខ្ពស់នេះ នឹងពិនិត្យលើពាក្យបណ្ដឹងនៅចន្លោះថ្ងៃទី៥-៨ ខែឆ្នូ។ ទោះបីជាយ៉ាងនេះក្ដី លោកស្រី Theresa May ធ្លាប់បានអះអាងថា រដ្ឋាភិបាលមិនត្រូវការយោបល់ពីសភានោះទេ ដើម្បីដំណើរការតាមនីតិវិធីចាកចេញពីសហភាពអឺរ៉ុប នឹងអនុឡោមតាមមាត្រា៥០ នៃសន្ធិសញ្ញាទីក្រុង​ Lisbonne។

លោកស្រីបានបន្ថែមថារដ្ឋាភិបាលមានអភ័យឯកសិទ្ធិ ហើយឆន្ទៈរបស់ប្រជាជនអង់គ្លេស ៥២% ក៏បានបង្ហាញដែរនៅក្នុងការបោះឆ្នោត​ប្រជាមតិកាលពី ថ្ងៃទី២៣ ខែមិថុនា ថាអង់គ្លេសត្រូវតែចាកចេញ ពីសហភាពអឺរ៉ុប។ ដោយឡែកជុំវិញការលើកឡើងនេះ ប្រធានតុលាការកំពូលលោក John Thomas បានសង្កត់ធ្ងន់ថា តុលាការកំពូលមិនអាចទទួលយកបាននោះទេ ចំពោះការសំអាងលើហេតុផល ទាំងឡាយបែបនេះរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថាបើតាមនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May អង់គ្លេសនឹងដំណើរការ នីតិវិធីចាកចេញពីសហភាពអឺរ៉ុបនៅមុនចុងខែមីនា ឆ្នាំ២០១៧៕