(ស៊េអ៊ូល)៖ ទីបំផុតតុលាការថ្នាក់តំបន់ បានសម្រេចចេញដីកា ដើម្បីធ្វើការចាប់ខ្លួនមិត្តភក្តិ ដ៏ជិតស្និទ្ធបំផុតរបស់ លោកស្រី ផាក គីនហេ គឺស្រ្តីឈ្មោះ Choi Soon-sil ពីបទរំលោភបំពាននៃការប្រើសិទ្ធិអំណាច រួមនិងប្រក្រតីភាពផ្សេងៗទៀត នៅក្នុងរឿងអាស្រូវនយោបាយដ៏តានតឹង ដែលកំពុងតែបន្តគំរាមកំហែងដល់អាណត្តិ ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

បន្ទាប់ពីបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើពាក្យបណ្តឹងមកលើលោកស្រី Choi Soon-sil តុលាការកណ្តាលទីក្រុងសេអ៊ូល បានចេញដីកា ឲ្យមានការចាប់ខ្លួនជាផ្លូវការ ខណៈមនុស្សជំនិតលោកស្រីប្រធានាធិបតីដែលមានវ័យ៦០ឆ្នាំរូបនេះ បានស្ថិត នៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ដោយរដ្ឋអាជ្ញាតាំងពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះមកម្ល៉េះ ក្រោយពេលដែលលោកស្រី Choi បានចេញមុខទៅបកស្រាយបំភ្លឺនៅឯតុលាការ។

ក្រុមរដ្ឋអាជ្ញាបានសង្ស័យថា លោកស្រី Choi Soon-sil បានរួមគំនិតជាមួយនិងលោក An Chong-bum ដែលជាអតីតទីប្រឹក្សា ជាន់ខ្ពស់ របស់លោកស្រី ផាក គីនហេ ដើម្បីដាក់សម្ពាធបង្ខំឲ្យក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងត្បូងបរិច្ចាក លុយរាប់ពាន់លានដុល្លារ ទៅឲ្យមូលនិធិចំនួនពីរ ដែលមានឈ្មោះថា Mir និង K-Sports ដោយបានប្រើប្រាស់ទំនាក់ទំនង ដ៏ជិតស្និទ្ធ បំផុតជាមួយនិងមេដឹកនាំកំពូលរបស់ប្រទេសជាឈ្នាន់។ ជាមួយគ្នានេះដែរ លោក An Chong-bum ក៏ត្រូវបាន រដ្ឋអាជ្ញាធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នផងដែរ នៅយប់ថ្ងៃពុធម្សិលមិញនេះ ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមរដ្ឋអាជ្ញានឹងសម្រេចថា តើគួរតែធ្វើការស្នើសុំទៅកាន់តុលាការដើម្បីចេញដីកាចាប់ខ្លួនអតីតមន្រ្តីរូបនេះជាផ្លូវការដែរ ឬយ៉ាងណានោះ។

សូមជំរាបថា រឿងអាស្រូវនយោបាយដ៏ខ្មៅងងឹតនេះបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រី ផាក គឺនហេ ធ្លាក់ចុះ ដុនដាបជាខ្លាំង ហើយប្រជាពលរដ្ឋកូរ៉េខាងត្បូង ស្ទើរតែទូទាំងប្រទេសបានទាមទារឲ្យលោកស្រី ចុះចេញពីតំណែង ជាប្រធានាធិបតីផងដែរ ប៉ុន្តែជំនួសឲ្យការលាលែង លោកស្រីបានធ្វើការរុះរើគណៈរដ្ឋមន្រ្តី ដើម្បីរំងាប់កំហឹងរបស់ សាធារណជនទៅវិញ៕