(អាមេរិក)៖ បិតាស្ថាបនិករបស់ Facebook​ លោក Mark Zuckerberg​​ បាននិយាយនៅលើគេហទំព័រ  Facebook ផ្ទាល់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនរបស់លោកក្នុងពេលបច្ចុប្បន្ន មានអ្នកប្រើប្រាស់ ១.៨ ពាន់លាននាក់ ខណៈមនុស្ស១.២ពាន់លាននាក់ផ្សេងទៀត កំពុងប្រើប្រាស់ Facebook ជារៀងរាល់ថ្ងៃតែម្តង។ នេះបើតាមការទំព័រហ្វេសបុកផ្លូវការរបស់ Mark Zuckerberg បង្ហោះនៅ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក Mark Zuckerberg បានគូសបញ្ជាក់ដែរថា «ការរីកចំរើនរបស់យើង គឺដោយសារតែការដាក់កម្មវិធី Live Video​ ​នៅលើ Facebook​ ដែលវាបានជួយឱ្យអ្នក​ប្រើប្រាស់ បង្កើត និងបង្ហោះចែករំលែក Video របស់ពួកគេដែលមិនធ្លាប់មានពីមុនមក រីឯចំនួនអ្នក Live​ នៅលើ Facebook ​បានកើនឡើង៤ដង គិតចាប់តាំងពីខែឧសភាមកផងដែរ។

បន្ថែមពីលើនេះ Facebook ទើបបានដាក់ឱ្យដំណើរការកម្មវិធី Instagram Stories កាលពីជាងបីខែមុន តែវាមានអ្នកប្រើប្រាស់ដល់ទៅ១០០លាននាក់ជារៀងថ្ងៃទៅហើយ ខ្លួនក៏មានគំរោងបង្កើតបន្ថែមទៀត ផងដែរនូវ Camera ថ្មីមួយបំពាក់លើ Facebook ​ព្រមទំាងបន្តអភិវឌ្ឍន៍កម្មវិធី  Messenger​ នៅប៉ុន្មានខែខាងមុខនេះ៕