(អ៊ីរ៉ាក់)៖ ខណៈកងកម្លំាងអ៊ីរ៉ាក់កំពុងបើកការវាយលុកចូលទៅក្នុងទីក្រុង Mosul ប្រជាជនប្រមាណជា ១,៨០០នាក់ដែលភាគច្រើនជាជនជាតិឃើដ និងអារ៉ាប់រស់នៅភាគខាងកើតទីក្រុងមួយនេះ បានរត់គេច ចេញទៅកាន់ជំរុំជនភៀសខ្លួន Hazi​r នៅក្នុងទីក្រុង Erbil នៃទឹកដី Kurdistan ដែលបង្កើតឡើងដោយ ក្រុមជីវពលឃើដ (Peshmergas) ប៉ុន្តែទន្ទឹមគ្នានោះប្រជាជនឃើដ​មួយចំនួន​បានចោទសហរដ្ឋអាមេរិក ថាជាអ្នកនំាពួក ISIS​ ចូលមកក្នុងទឹកដីរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ស្រ្តីឃើតម្នាក់ឈ្មោះ​ Newal Hazim អាយុ៣២ឆ្នាំ បានលើកឡើងដូច្នេះថា «ខ្ញុំនិងកូនរបស់ខ្ញុំពិតជាភ័យខ្លាចជាន់ត្រូវគ្រាប់មីន ដែលបានបង្កប់របស់ពួក ISIS។ សង្រ្គាមនៅអ៊ីរ៉ាក់មិនទាន់បានបញ្ចប់នៅឡើយទេ ហើយរាប់ចាប់តំាងពីសង្រ្គាមរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឬក៏សង្រ្គាមរវាងអ៊ីរ៉ាក់ និងឃឺដ រួមទំាងការឈ្លានពានពីសំណាក់អាមេរិកនៅអ៊ីរ៉ាក់ បានប្រែក្លាយជីវិតរបស់ ពួកយើងដូចជាធ្លាក់ចុះនរកអ៊ីចឹង»។ ដោយឡែកបុរសឃើដម្នាក់ផ្សេងទៀតមានអាយុ៦៤ឆ្នាំ ឈ្មោះ Zeki Ali ក៏បានអះអាងដែរថា «យើងត្រូវបង្ខំចិត្តចាកចេញពីភូមិរបស់យើង ដោយសារតែការវាយប្រយុទ្ធគ្នា រវាងកងកម្លំាងអ៊ីរ៉ាក់ និងពួករដ្ឋអ៊ីស្លាម ISIS »

គួរបញ្ជាក់តាមសម្តីដ៏គួរឲ្យកត់សម្គាល់របស់ លោក Zeki Ali បានបន្ថែមទៀតថា «សហរដ្ឋអាមេរិកបាន សន្យានំាលិទ្ធិប្រជាធិបតេយ្យមកឱ្យអ៊ីរ៉ាក់ ក៏ប៉ុន្តែចុងក្រោយអ្វីដែលពួកគេយកមកឱ្យពួកយើង ១០ឆ្នាំបន្ទាប់ពីការឈ្លានពានអ៊ីរ៉ាក់ នោះគឺក្រុម ISIS»។ ប្រទេសអ៊ីរ៉ាក់ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្វើអន្តរាគមន៍យោធា ដើម្បីទម្លាក់ប្រធានាធិបតីលោក សាដាម ហូស្សេន ចេញពីអំណាច កាលពីឆ្នាំ២០០៣ ដោយចោទថារបបដឹកនាំនោះមានលាក់អាវុធប្រល័យលោក៕