(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា ពួកគេបានបញ្ចប់ការសាងសង់ កែវយឺតអវកាសឈ្មោះ «James Webb» ដែលជាកែវយឺតអវកាសដ៏ធំជាងគេបំផុតមិនធ្លាប់បានកសាង ពីមុនមកនៅលើសកលលោក បន្ទាប់ពីបានធ្វើការសាង់សង់យ៉ាងយកចិត្តទុកដាក់បំផុតអស់រយៈ ជិត២០ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការបញ្ចប់ការសាងសង់នៃកែវយឺតអវកាស «James Webb» នេះ ត្រូវបានចាត់ទុកថាជាភាពជោគជ័យ ដ៏ធំធេងមួយទៀតបន្ទាប់ពី កែវយឺតអវកាស Hubble Space របស់ភ្នាក់ងារអវកាស NASA ដែលមានអាយុកាល ២៦ឆ្នាំ មកហើយក្នុងការសិក្សាស្រាវជ្រាវអំពីលំហអាកាស ។

ជាមួយគ្នានេះដែរទីភ្នាក់ងារអវកាស NASA បន្ទាប់ពីបញ្ចប់ការសាងសង់នេះ កែវយឺតអវកាស James Webb នឹងត្រូវត្រៀមខ្លូនដើម្បីបង្ហោះចូលទៅក្នុងលំហអាកាស ដោយគ្រាប់រ៉ុក្កែត Ariane 5 ចេញពី ស្ថានីយ៍បង្ហោះយាន «French Guiana» មានទីតាំងស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក នៅក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីបំពេញតួនាទីសិក្សាស្រាវជ្រាវ អំពីលំហអាកាសដូចជា កែវយឺតអវកាស Hubble Space ដែរប៉ុន្តែវាមានលក្ខណៈពិសេសជាង។

មិនត្រឹមតែប៉ុណ្ណោះ NASA បានបន្ថែមទៀតថាកែវយឺតអវកាស James Webb នឹងត្រូវប្រើប្រាស់ សម្រាប់អង្កេតវត្ថុអវកាសផ្សេងៗនៅក្នុងចក្រវាឡ ព្រមទាំងចាប់យករូបភាពនៃបណ្តុំកាឡាក់ស៊ីឆ្ងាយៗ និង ភពដាច់ស្រយាលខ្លាំងពីប្រព័ន្ធព្រះអាទិយ្យជាដើម។  

គួរបញ្ជាក់ដែរថាគំរោងនៃការសាងសង់ កែវយឺតអវកាស James Webb នេះ ត្រូវបានដឹកនាំដោយ ភ្នាក់ងារអវកាស NASA ព្រមទាំងបានចូលរួមឧបត្ថម្ភដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA និង ទីភ្នាក់ងារអវកាសកាណាដាផងដែរ ដោយកែវយឺតអវកាសដ៏ធំជាងគេបំផុតរបស់ពិភពលោកនេះ ត្រូវបានចំណាយថវិការអស់ ៨៧០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គំរោងទាំងមូល៕