(អ៉ីស្តង់ប៊ុល)៖ ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស នៅពេលដែលអ្នកខ្លះព្យាយាមលោតចេញក្រៅអគារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។

ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។

ការិយាល័យរដ្ឋបាលក្រុងអ៉ីស្តង់ប៊ុល បានឱ្យដឹងថា អ្នករងរបួសភាគច្រើន កំពុងបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយពួកគេមិនស្ថិត ក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ។ មនុស្សម្នាបានប្រមូលផ្តុំគ្នានៅតាមសួនច្បារ ឬឧទ្យាន ហើយអ្នកខ្លះទៀតអង្គុយនៅមាត់ទ្វារ ឬឈរខាងក្រៅផ្ទះ នៅកណ្តាលទីក្រុងអ៉ីស្តង់ប៊ុល ខណៈដែលរំញ័រពីការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ នៅតែមាននៅផ្នែកខ្លះនៃទីក្រុង។

គួរបញ្ជាក់ថា ទីក្រុងអ៉ីស្តង់ប៊ុល ធ្លាប់រងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងក្លា នៅក្នុងឆ្នាំ ១៩៩៩។ កាលពីឆ្នាំ ២០២៣ ការរញ្ជួយដ៏ធំចំនួនពីរ បានបំផ្លិចបំផ្លាញមួយផ្នែកធំនៃភាគអាគ្នេយ៍នៃប្រទេសតួកគី ហើយគ្រោះមហន្តរាយនេះ នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាជន៕