(សេអ៊ូល)៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅយប់ថ្ងៃពុធបានឃាត់ខ្លួន អតីតទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ហើយនេះជាជនដែលត្រូវគេឃាត់ខ្លួនទីពីរ ពាក់ព័ន្ធក្នុងរឿងអាស្រូវនយោបាយ ដ៏ខ្មៅងងឹតដែលបានធ្វើឲ្យ អាណត្តិប្រធានាធិបតីរបស់ប្រទេសមួយនេះមានការរង្គោះរង្គើជាខ្លាំង។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា អតីតទីប្រឹក្សា ជាន់ខ្ពស់នៃលោកស្រីប្រធានាធិបតី គឺលោក An Chong-bum និងលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិរាប់សិបឆ្នាំរបស់លោកស្រី ផាក គឺនហេ បានបង្ខំឲ្យក្រុមហ៊ុនធំៗនៅក្នុងប្រទេស កូរ៉េខាងត្បូង ផ្តល់ថវិកាជំនួយចូលទៅមូលនិធិសប្បុរសធម៌ ដោយប្រើទំនាក់ទំនងដ៏ជិតស្និតរបស់ពួកគេ ជាមួយនឹងមេដឹកនាំកំពូលរបស់ប្រទេសធ្វើជាឈ្នាន់។

នារសៀលថ្ងៃពុធលោក An បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រៅការិយាល័យរដ្ឋអាជ្ញា ទីក្រុងសេអ៊ូលថា លោកនឹងទទួលខុសត្រូវចំពោះទង្វើរបស់លោក ប៉ុន្តែមិនបាននិយាយបញ្ជាក់ប្រាប់ អ្វីទៀតនោះឡើយហើយមកដល់ពេលនេះ អតីតទីប្រឹក្សាជាន់ខ្ពស់រូបនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្នដោយយោងតាមច្បាប់របស់ប្រទេស ហើយសមត្ថកិច្ចត្រូវរង់ចាំរយៈពេល ៤៨ម៉ោង ដើម្បីទទួលបានដីកាចាប់ខ្លួនពីតុលាការ។

គួរបញ្ជាក់ដែរថា នៅថ្ងៃពុធម្សិលមិញនេះផងដែរ រដ្ឋអាជ្ញាកូរ៉េខាងត្បូងក៏បានស្នើដល់តុលាការ ឲ្យចេញដីកាចាប់ខ្លួនលោកស្រី Choi Soon-sil ដែលជាមិត្តដ៏ជិតស្និតបំផុតរបស់លោកស្រី ផាក និងជាដើមចមនៃរឿងអាស្រូវនយោបាយនេះ៕