(បាងកក)៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwan នៅថ្ងៃពុធនេះ បានបន្ធូរបន្ថយស្ថានការណ៍ តានតឹងខ្លាំងដែលបង្កឲ្យមានការព្រួយបារម្ភកើតឡើងតាំងពីពេលព្រឹកមកម្ល៉េះ ពាក់ព័ន្ធនឹងការគំរាមបំផ្ទុះ គ្រាប់បែកក្នុងសង្កាត់ Sathorn ទីក្រុងបាងកក នៅអំឡុងពេលដែលការកាន់ទុក្ខនៃការសោយទិវង្គតរបស់ ព្រះមហាក្សត្រកំពុងបន្តប្រព្រឹត្តទៅយ៉ាងធំធេងនៅឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទោះបីជាឧបនាយករដ្ឋមន្ត្រីថៃខាងលើបានប្រកាសនៅមុននេះបន្តិចថា ស្ថានភាពសន្តិសុខកំពុងស្ថិតនៅ ក្នុងការគ្រប់គ្រងទាំងស្រុងក្តី ក៏ការប្រុងជើងការរបស់កងកម្លាំងមានសមត្ថកិច្ច នៅតែមិនអាច​ធ្វេស​ប្រហែស បានដដែលជាពិសេសសង្កាត់ Sathorn ក្នុងទីក្រុងបាងកក នៅតែត្រូវការប៉ូលិសស្ថិតនៅប្រចាំការជានិច្ចដើម្បី ត្រួតពិនិត្យមើលរថយន្ត ឬវត្ថុសង្ស័យដែលអាចពាក់ព័ន្ធនឹង​ការគ្រោង​បំផ្ទុះគ្រាប់បែកនោះ។

គួរបញ្ជាក់ថាការព្រួយបារម្ភបានកើនឡើងវិញយ៉ាងខ្លាំងនៅទីក្រុងបាងកក ខណៈកាលពីព្រឹកថ្ងៃពុធនេះ មានសេចក្តីរាយការណ៍មួយចំនួន បានប្រាប់ទៅកាន់សមត្ថកិច្ចថា​នឹងអាចមាន​ការបំផ្ទុះគ្រាប់​បែកលើរថយន្ត នៅសាលារៀនល្បីៗមួយចំនួនក្នុងសង្កាត់ Sathorn នៃទីក្រុងបាងកក ដែលបាននាំឲ្យសមត្ថកិច្ចចុះធ្វើការ ពិនិត្យ និងគ្រប់គ្រងសន្តិសុខយ៉ាងទាន់ហន់ជាទីបំផុត។ ប្រទេសថៃក៏បាន​ធ្វើការដាក់ពង្រាយមន្ត្រីប៉ូលិស ដែលស្លៀកពាក់ស៊ីវិលទៅកាន់តំបន់ដែលគេសង្ស័យផងដែរ៕