(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬហៅកាត់ថា ​FBI បានទម្លាយនូវឯកសារមានកម្រាស់  ១២៩ទំព័រ​ដែលនិយាយអំពីការបិទសំណុំរឿង និងលើកលែងទោសរបស់ អតីតប្រធានាធិបតីអាមេរិក និងជា​ស្វាមីលោកស្រី ហ៊ីលឡារី គ្លីនតុន គឺលោក បៀល គ្លីនតុន ដល់អតីតអ្នកផ្ដល់ហិរញ្ញវត្ថុ​ដ៏ធំម្នាក់សម្រាប់ គណបក្សប្រជាធិបតេយ្យ ហើយការគាស់កាយរឿងអាស្រូវនេះ ត្រូវបានធ្វើឡើងចំពេល FBI កំពុងបើកការ ស៊ើបអង្កេតលើ Email លោកស្រីគ្លីនតុន ខណៈការបោះឆ្នោតនឹងឈានចូលមកដល់នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។​

យោងតាមឯកសារខាងលើ FBI​ បានគូសបញ្ជាក់ថាមហាសេដ្ឋីអចលនទ្រព្យ លោក ម៉ាក់ រីស (Marc Rich)​ ត្រូវបានចោទប្រកាន់ពីបទគេចពន្ធ ​ព្រមទំាងបានរត់គេចខ្លួនចេញពីក្រសួងយុត្តិធម៌ ទៅរស់នៅនិរទេសខ្លួននៅ ក្នុងប្រទេសស្វីស ចំពេលដែល FBI កំពុងតាមស្វែងរករូបលោក។ ក៏ប៉ុន្តែនៅពេលដ៏ចម្រូងចម្រាស់នោះ លោក បៀល គ្លីនតុន នៅថ្ងៃចុងក្រោយនៃអណត្តិ ជាប្រធានាធិបតី របស់លោក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០០១ បែរ ជាលើកលែងទោសឱ្យលោក ម៉ាក់ រីស ទៅវិញហើយមួយឆ្នាំបន្ទាប់ទើប FBI បើកការស៊ើបអង្កេតលើការលើក លែងទោសរបស់លោក បៀល គ្លីនតុន។

គួរបញ្ជាក់ថាសំណុំរឿងលោក ម៉ាក់ រីស ត្រូវបានបិទការស៊ើបអង្កេតនៅឆ្នាំ២០០៥ ​ដោយគ្មានការចោទប្រកាន់ អ្វីទាំងអស់ ហើយលោកបានទទួលមរណៈភាពនៅឆ្នាំ២០១៣។ ទោះបីជាបែបនេះក្តី រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល នឹងបង្ហាញអំពីអំពើពុករលួយនេះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនបន្ថែមទៀត ចំពោះភាព ស៊ីជម្រៅនៃនយោបាយអាមេរិក ជាពិសេសទង្វើដែលអតីត ប្រធានាធិបតីបានធ្វើ ហើយវាប្រាកដណាស់ថានឹង ផ្តល់ផលប៉ះពាល់ដល់លោកស្រី គ្លីនតុន ជាក់ជាមិនខាន៕