(ប៉េកាំង)៖ ប្រភពព័ត៌មានពី Daily Mail បានចេញផ្សាយនៅមុននេះបន្តិចថា កម្មករអណ្តូងរ៉ែចិនចំនួន ១៨នាក់ ដែលបានជាប់ខ្លួនក្នុងអណ្តូងបន្ទាប់ពី មានការផ្ទុះហ្គាសកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រូវបានអាជ្ញាធរអះអាងថា បានស្លាប់បាត់ជីវិតទាំងអស់។ នេះបើតាមការចេញផ្សាយព័ត៌មាននៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៦។

ហេតុការណ៍ផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែងបានកើតឡើង នៅភាគអាគ្នេយ៍ទីក្រុង Chongqing ប្រទេសចិន កាលពីព្រឹកថ្ងៃចន្ទ ដែលបានពីដំបូងគេបានរកឃើញសាកសពកម្មករ ១៥នាក់ និង ២០នាក់ទៀត្រូវបាន អាជ្ញាធរអះអាងថាកំពុងជាប់ខ្លួន និងត្រូវការការជួយសង្គ្រោះបន្ទាន់។

ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថានៅពេលការផ្ទុះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹកនៅថ្ងៃចន្ទ មានកម្មកររករ៉ែសរុប ៣៣នាក់កំពុងធ្វើការនៅក្នុង អណ្ដូងរ៉ែធ្យូងថ្មឯកជនមួយឈ្មោះថា Jinshangou Coal Mine ស្ថិតនៅតំបន់ Laisu នៃស្រុក Yongchuan នាំឲ្យមនុស្ស ១៨នាក់ជាប់នៅក្រោមអណ្ដូងរ៉ែនេះ។​

គួរបញ្ជាក់ថាអាជ្ញាធរបានបង្គាប់ឱ្យម្ចាស់អណ្ដូងរ៉ែនេះ​ ផ្អាកសកម្មភាពរបស់ខ្លួនដើម្បីផ្ដល់ភាពងាយស្រួលដល់ ក្រុមអ្នកជួយសង្រ្គោះច្រើនជាង៤០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ប៉ុន្តែរហូតមក ទល់នឹងថ្ងៃពុធនេះ ក្រុមសង្គ្រោះបានអះអាងថាកម្មករទាំងអស់បានស្លាប់ហើយ។ បច្ចុប្បន្នប៉ូលិសកំពុងកសាង សំណុំរឿង និងបញ្ជូនជនពាក់ព័ន្ធជាពិសេសម្ចាស់អណ្តូងរ៉ែទៅសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕