(អង់ការ៉ា)៖ កងកម្លាំងប៉ូលិសតួកគីបានឃាត់ខ្លួននិពន្ធនាយកមួយរូប របស់សារព័ត៌មាន Cumhuriyet ដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាល ហើយគេហដ្ឋានរបស់ថ្នាក់ដឹកនាំ និងអ្នកនិពន្ធមួយ​ចំនួនទៀត របស់ស្ថាប័នព័ត៌មានដ៏ល្បីនៅតួកគីមួយនេះត្រូវបានសមត្ថកិច្ចឆែកឆេរផងដែរ។ នេះបើតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋនៃប្រទេសតួកគី ដែលត្រូវបានដកស្រង់ដោយ Reuters នៅមុននេះបន្តិច​នារសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

ព្រះរាជអាជ្ញាតួកគីបានចេញដីកាឃុំខ្លូននាយក និងអ្នកនិពន្ធចំនួន១៣រូប ដោយរួមបញ្ចូលទាំងអគ្គនាយក របស់សារព័ត៌មានខាងលើផងដែរ ខណៈនិពន្ធនាយករបស់កាសែតមួយនេះ ត្រូវបានគេឃាត់​ខ្លួននៅទីក្រុង អង់ការ៉ា ដោយសារព័ត៌មានតួកគី Yeni Safak ដែលគាំទ្ររដ្ឋាភិបាលបានចុះផ្សយនៅលើគេហទំព័រ របស់ខ្លួនថាពួកគេទាំងអស់នោះបានស្ថិតនៅក្រោមការស៊ើបអង្កេត ដោយសង្ស័យ​ថាមានជាប់ខ្សែបណ្តាញ ជាមួយពួកឧទ្ទាមឃើដ និងលោក Fethulla Guluna ដែលសព្វថ្ងៃកំពុងជ្រកកោណនៅក្នុងទឹកដីអាមេរិក ហើយត្រូវបានទីក្រុងអង់ការ៉ាចោទប្រកាន់ថា ជាមេខ្លោងរៀបចំ​ការធ្វើរដ្ឋប្រហារកាលពីខែកក្កដា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរអតីតអ្នកនិពន្ធរបស់កាសែត Cumhuriyet លោក Can Dundar ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន០៦ឆ្នាំ ពីបទផ្សព្វផ្សាយកិច្ចការសម្ងាត់​របស់រដ្ឋដែលទាក់ទងនឹង​ប្រតិបត្តិការ នៅប្រទេសស៊ីរីរបស់ទីក្រុងអង់ការ៉ា ហើយការកាត់ទោសនេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច មានក្តីព្រួយបារម្ភជាខ្លាំងចំពោះ​ការធ្លាក់ចុះដុនដាបនូវវិស័យ សិទ្ធិមនុស្សនៅក្នុង​ប្រទេសតួកគី ដែលស្ថិតក្រោមការដឹកនាំ​រ​បស់លោកប្រធានា​ធិបតី Tayyip Erdogan។

គួរបញ្ជាក់ដែរថាប្រតិបត្តិការចាប់ឃាត់ខ្លួនរបស់ប៉ូលិសនេះ បានកើតឡើងបន្ទាប់ពីប្រទេស​តួកគីទើប​តែបាន បណ្តេញមន្រ្តីស៊ីវិល​របស់ខ្លួនប្រមាណ ១០,០០០នាក់ទៀតបន្ថែមទៀត និងបានបិទស្ថាប័ន​ផ្សព្វផ្សាយចំនួន ១៥ ដោយសារតែសង្ស័យថាមានជាប់​ពាក់ព័ន្ធជាមួយ​ក្រុមសកម្មប្រយុទ្ធ និងបុព្វជិត Gulen៕