(អូតតាវ៉ា)៖ យន្តហោះរបស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ដែលមានគោលដៅធ្វើដំណើរ​ឆ្ពោះទៅកាន់ទីក្រុង​ព្រុចសែល ដើម្បីចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាង កាណាដា និងសហភាពអឺរ៉ុប បានបង្ខំចិត្តបកក្បាលត្រឡប់ក្រោយភ្លាមៗ នៅល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានហោះចេញពី អាកាសយានដ្ឋានក្នុងទីក្រុងអូតតាវ៉ា។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន​ CNN នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦។

ជុំវិញហេតុការណ៍នេះដែរ អ្នកទទួលបន្ទុកផ្នែកព័ត៌មាននៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីកាណាដា លោក Cameron Ahmad បានបញ្ជាក់ថា «ជាការពិតវាមានបញ្ហាផ្នែកបច្ចេកទេសបន្តិចបន្តួច ក៏ប៉ុន្តែមិនបានបង្ករជា គ្រោះថ្នាក់អ្វីនោះទេ ហើយលោក នាយករដ្ឋមន្ត្រី ក៏បានធ្វើដំណើរទៅដល់ទីក្រុង ព្រុចសែល ហើយដែរនៅ ល្ងាចថ្ងៃសៅរ៍ ដើម្បីចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប»

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គួរតែត្រូវបានធ្វើឡើងតំាងតែពីថ្ងៃព្រហស្បតិ៍​មកម្លេះ ប៉ុន្តែវាត្រូវបានលុប ដោយសារតែសំណើររបស់សភានៃតំបន់ Wallonie ​ដែលបានរារាំងទីក្រុងព្រុចសែល និង សហភាពអឺរ៉ុបមិន ឱ្យចុះហត្ថាលេខា៕